ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ាសៀ រិទ្ឋីបានហក់ចូលកាន់តែជ្រៅ ក្នុងវិស័យសេវាដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពប្រសើរឡើង និងមានជម្រើសកាន់តែច្រើនសម្រាប់អតិថិជន និងអ្នកមានតម្រូវការសេវាកម្មដឹកជញ្ជូននៅក្នុងនិងក្រៅប្រទេស។
លោក Suthon Choothian នាយកគ្រប់គ្រងក្រុមហ៊ុនភីធីធីបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធិត (PTT Jiffy Convenient Store) និងក្រុមហ៊ុន ឃែរី អ៊ិចប្រែស (Kerry Express) នាព្រឹកថ្ងៃទី២៩ ឧសភានេះថា សេវាកម្មក្នុងហាង ហ្សីហ្វី មានគោលដៅផ្តល់សេវាកម្មតាមអនឡាញ ទៅកាន់គ្រប់ម្ចាស់ហាង និងទៅកាន់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមនានាផងដែរ។ ក្នុងឆ្នាំ២០១៨ សេវាកម្មនេះ នឹងដាក់ឲ្យដំណើរការនៅតាមហាង ហ្សីហ្វីចំនួន៣កន្លែង ហើយអាចនឹងពង្រីកវិសាលភាពសេវាកម្មនេះនៅទូទាំងប្រទេស។
លោកបន្តថា “ការរួមសហការគ្នានៅពេលនេះ អាចនឹងមានកំណើនចរាចរណ៍ហាងកាន់តែកើនឡើង ហើយកំណើននៃការផ្តល់សេវាកម្ម ក៏នឹងកើនឡើងជាច្រើនបន្ថែមទៀត”។
ជាមួយគ្នានេះ លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន ឃែរី អ៊ិចប្រែស លើកឡើងថា ក្រុមហ៊ុនមានគោលដៅតែម្យ៉ាង គឺដើម្បីផ្តល់នូវភាពកាន់តែងាយស្រួលជូនដល់អតិថិជន តាមរយៈការបង្កើ នចំនួនបណ្តាញសេវាកម្ម ឲ្យកាន់តែមានចំនួនច្រើនឡើង ដែលចាប់ផ្តើមចេញដំណើរជាមួយក្រុមហ៊ុនភីធីធី ហ្សីហ្វី។
លោកបានបន្តថា ដើម្បីទ្រទ្រង់ដល់ផែនការ និងគាំទ្រដល់កំណើនសេវាកម្មដែលរឹងមាំនេះ ក្រុមហ៊ុនឃែរី មានបំណងបង្កើតមជ្ឈមណ្ឌលភស្តុភាថ្មីមួយ នៅរាជធានីភ្នំពេញ ដោយបង្កើននូវលទ្ធភាព ក្នុងការរៀបចំញែកមុខទំនិញបញ្ញើដាក់តម្រៀប ទៅតាមប្រភេទទំនិញបញ្ញើនីមួយៗឲ្យនៅដោយឡែកៗពីគ្នា។
បច្ចុប្បន្នក្រុមហ៊ុន ឃែរី អ៊ិចប្រែស កំពុងតែក្លាយជាអ្នកឯកទេសលើការផ្តល់សេវា ដឹកជញ្ជូនទំនិញបញ្ញើគ្រប់ប្រភេទ ដែលគិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំមកហើយ ដោយទទួលបានកំណើន ពីការប្រើប្រាស់សេវាកម្មពីអតិថិជនប្រមាណ៥០%ក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនមានបណ្តាញគនាគមន៍ច្រើនជាង៥០ទីតាំងសេវាកម្ម និងមានមជ្ឈមណ្ឌលចែកចាយចំនួន៣០ទីតាំង នៅក្នុងទូទំាងប្រទេសកម្ពុជា៕