ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយទុនមហាសាលរហូតដល់៨០ពាន់លានដុល្លារ និងស្ថិតនៅលើផ្ទៃដីជាងបីម៉ឺនហិកតា បាននិងកំពុងមានពន្លឺហើយ ដោយក្រុមហ៊ុនចិនចំនួន៧កំពុងចាប់អារម្មណ៍វិនិយោគលើគំរោងនេះ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ឧសភានេះថា មានក្រុមហ៊ុនចិនធំៗចំនួនពីរ បានដាក់សំណើរសុំសហការវិនិយោគ ដើម្បីសាងសង់ទីក្រុងរណបដ៏ធំនេះហើយ ហើយលោកនឹងអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗចំនួន៥ទៀត ជួបពិភាក្សាគ្នានៅពេលឆាប់ៗនេះ ដើម្បីសិក្សាពីលទ្ឋភាព និងការសហការដើម្បីសាងសង់ទីក្រុងនេះ។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះ ក្រុមហ៊ុនធំៗដែលគ្រោងវិនិយោគទីក្រុងដ៏អស្ចារ្យទាំងនេះនៅឡើយទេ។
លោកបន្តថា “ ក្រុមហ៊ុនធំៗពីរបានដាក់សំណើរមកខ្ញុំរួចហើយ ហើយសំណើរនេះនឹងដាក់ជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នាពេលឆាប់ៗខាងមុខនេះ”។លោកបន្តថា“គំរោងនេះសម្តេចបានឃើញរួចហើយ និងបានអនុញ្ញាត្តឲ្យខ្ញុំសិក្សាលំអិតមុនចាប់ផ្តើមគំរោងនេះ”។
លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌបានបន្តថា រយៈពេល៥៨០ឆ្នាំហើយ កម្ពុជាមិនទាន់មានការសាងសង់ទីក្រុងថ្មីនៅឡើយទេ ហេតុនេះទើបគំនិតផ្តួចផ្តើមសាងសង់ទីក្រុងនាគរាជសម្តេចតេជោបានប្រតិស្ថានឡើង ដែលទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ឋក្រោមដី លើដី លើទឹកដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរាប់រយឆ្នាំ។ គំរោងនេះក៏មានការសាងសង់កំពង់ផែអន្តរជាតិ ព្រលានយន្តហោះ និងសាងសង់អាគារមួយសំរាប់ធ្វើជាការិយាល័យកណ្តាលរបស់សម្តេចតេជោ ដែលមានកំពស់រហូតដល់៦០០ម៉ែត្រ ដែលសម្តេចអាចមើលប្រទេសកម្ពុជាទាំងមូលចេញពីអាគារនេះ។
លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌការសាងសង់ទីក្រុងនាគរាជសម្តេចតេជោ ធ្វើឡើងក្នុងគោលគំនិត ដើម្បីជាការដឹងគុណដល់សម្តេចតេជោហ៊ុន សែន ដែលហ៊ានដាក់ជីវិត ដើម្បីនាំសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា មកកាន់សករាជថ្មីមួយ។ លោកបានស្នើសុំមេដឹកនាំចិន ជួយគាំទ្រដល់គំរោងទីក្រុងនាគរាជនេះ ដោយសារសម្តេចបានគាំទ្រចិន អនុវត្តន៍គោលនយោបាយចិនតែមួយ និងនៅគ្រប់ទិដ្ឋភាពនយោបាយអន្តរជាតិ កម្ពុជាតែងតែគាំទ្រចិន។
លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌមានសញ្ញាបត្រស្មើនឹងអតីតវីរស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ។ លោកមានស្នាដៃក្នុងការគូរប្លង់ និងកសាងអាគារទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាស្ថាបត្យករចូលរួមគូរសំណង់អាគារវិមានសន្តិភាព និងអាគារជាច្រើនទៀតនៅកម្ពុជា៕