ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៦ទៀត នឹងបើកដំណើរការនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៨ខាងមុខនេះ ដែលធ្វើឲ្យទីក្រុងនេះកាន់តែមានភាពទាក់ទាញ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយនាពេលខាងមុខនេះ។
ផ្សារទំនើបធំៗទាំង៦នោះ រួមមាន ផ្សារទំនើប AEON Mall2, Phnom Penh Mega Mall ,Olympia Plaza និងផ្សារទំនើបក្នុងគំរោង The Bridge, ផ្សារទំនើប MAKRO ជាផ្សារលក់ទំនិញបោះដុំរបស់ប្រទេសថៃ និងផ្សារទំនើបក្រោមដី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។
-->

នាយិការគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងការចូលមកដល់នូវផ្សារទំនើបថ្មីៗ និងផ្សារទំនើបជាច្រើនទៀតកំពុងត្រៀមបើកដំនើរការនៅឆ្នាំ២០១៨ខាងមុខ អ្នកនាងគិតថាអ្នកវិនិយោគបានសិក្សាច្បាស់លាស់ហើយពីស្ថានភាពទីផ្សារ និងកំលាំងនៃការទិញរបស់ប្រជាពលរដ្ឋខ្មែររួចហើយ មុនធ្វើការវិនិយោគ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកវិនិយោគគួរសិក្សាពីកត្តាមួយចំនូនទៀតដូចជា កំលាំងនៃការទិញ ការរៀបចំ និងរចនាកន្លែងលក់ឲ្យមានភាពទាក់ទាញ និងតម្រូវការនៅក្នុងទីផ្សារនេះ។
អ្នកនាងបន្តថា “កំលាំងទិញនៅកម្ពុជាកើនឡើង ប៉ុន្តែភាគច្រើនប្រជាពលរដ្ឋផ្តោតលើការកំសាន្ត និងការញុំាច្រើនជាងនៅតាមបណ្តាផ្សារទំនើបនានា។ អ្នកនាងបន្ថែមថា “ការមកដល់នូវផ្សារទំនើបថ្មីៗ មិនមានបញ្ហានៅក្នុងទីផ្សារនោះទេ យើងស្វាគមន៍ការវិនិយោគនានា ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រ ជាពលរដ្ឋកម្ពុជា។
ទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ធៀបនឹងមនុស្សម្នាក់មានប្រមាណ០,១ម៉ែត្រការ៉េ ខណៈប្រទេសថៃទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់មាន០,៤ម៉ែត្រការ៉េ។
ទាក់ទងនឹងទំហំផ្សារ ធៀបនឹងចំនួនប្រជាជនកម្ពុជា អ្នកនាងអាន សុធីតាបានពន្យល់ថា ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅក្រុងភ្នំពេញ មានការកើនឡើង តែទាបជាងប្រទេសថៃ ប៉ុន្តែផ្សារទំនើបនៅកម្ពុជាពឹងផ្អែកលើប្រជាជនក្នុងស្រុកច្រើនជាង ខុសពីប្រទេសថៃដែលផ្សារទំនើបមិនត្រឹមតែពឹងផ្អែកប្រជាជនក្នុងស្រុកនោះទេ ប៉ុន្តែប្រទេសថៃមានកំលាំងទិញខ្លាំង និងមានការរួមចំណែកពីភ្ញៀវទេសចរណ៍ច្រើនផងដែរ។
លោកប៉ែន សុខគានាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា វត្តមានផ្សារទំនើបលំដាប់អន្តរជាតិនៅកម្ពុជាកាន់តែច្រើន ដែលវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិឆ្លុះបញ្ចាំងពីកំនើនប្រជាសាស្ត្រ កំនើនប្រាក់ចំណូល និងសេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង ដែលធ្វើឲ្យកំលាំងទិញក្នុងចំណោមប្រជាពលរដ្ឋខ្មែរកើនឡើង។លោកបន្តថា កំនើនប្រាក់ចំណូលពិតជាផ្នែកមួយយ៉ាងសំខាន់ ដែលទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិមកកាន់ទីក្រុងភ្នំពេញ ព្រោះប្រសិនជាគ្មានកំលាំងទិញទេ នឹងគ្មានការវិនិយោគពីវិស័យឯកជននោះទេ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី លោកអ៊ិន ចាន់នីបានថ្លែងថា ការផ្លាស់ប្តូរចេញពីប្រទេសក្រីក្រ មកកាន់ប្រទេស ដែលប្រជាជនមានជីវភាពមធ្យមកម្រិតខ្ពស់ ពិតជាផ្នែកមួយនៃការទាក់ទាញអ្នកវិនិយោគ ព្រោះអ្នកវិនិយោគមុនសម្រេចចិត្តទៅកាន់ប្រទេសណាមួយ ពួកគេសម្លឹងលើកត្តាបីសំខាន់ៗ គឺសន្តិភាព កំនើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមរយៈពេលវែង។
លោកបន្តថា “នៅពេលប្រជាជនមានជីវភាពធូរធារជាងមុន មានន័យការតម្រូវការពួកគេច្រើនជាងមុន កំលាំងទិញធំជាងមុន ហេតុនេះអ្នកវិនិយោគបានចូលមកវិនិយោគច្រើន ព្រោះពួកគេមិនចង់ទៅវិនិយោគនៅប្រទេសក្រីក្រនោះទេ”៕

