ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយទៀត Yuetai Group បាននិងកំពុងចាប់ផ្តើមគំរោងដ៏ធំមួយទៀត នៅទីក្រុងភ្នំពេញ កន្លែងដែលមានរោងចក្រ សហគ្រាសនៅព័ទ្ឋជុំវិញ។
យោងតាមប្រភពព៌តមានពីគេហទំព័រ realestate.com.kh បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុន Yuetai Group កំពុងអភិវឌ្ឈន៍គំរោងមួយទៀតឈ្មោះ Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងយូនីតខុនដូប្រណិត ដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ បន្ទាប់ពីក្រុមហ៊ុននេះបានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះបានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។
-->
គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (តំបន់មួយដែលគេស្គាល់ថាផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានទីតាំងនៅជិតព្រលានយន្តហោះភ្នំពេញ។

ប្រភពព៌តមានដដែលបានឲ្យដឹងថា លំនៅដ្ឋាន Yuetai The Garden របស់ហ៊ុនYuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម និងបរិក្ខារប្រណីតៗដូចជា កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ។
លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការបណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍ វប្បធម៌ ដើម្បីជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនសកម្ពុជា។
ក្រុមហ៊ុននេះបានចូលមកកាន់រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់យកយកទីក្រុងនេះ ជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួនដោយបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១នៅកម្ពុជាឈ្មោះ Eastland Development, Co,Ltd និងបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា៕