ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនកំពុងនាំគ្នាសម្រុកទៅកំសាន្តនៅផ្សារទំនើប AEON MALL2 ដែលធ្វើឲ្យផ្លូវចូលទៅកាន់ផ្សារទំនើបនេះមានការកកស្ទះចរាចរណ៍ គិងចាប់តាំងពីថ្ងៃផ្សារ នេះបើកដំណើរការរហូតមកដល់ថ្ងៃទី២ មិថុនានេះ។
ផ្សារទំនើបលំដាបើអន្តរជាតិដ៏ធំនេះ បានបើកដំណើរការកាលពីថ្ងៃទី៣០ ឧសភាកន្លងមកនេះ។ ផ្សារទំនើបនេះ ស្ថិតក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
តើអ្វីនៅពីក្រោយភាពជោគជ័យនៃផ្សារទំនើបនេះ លោកលាងគង់ យិនស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានលើកឡើងថា ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែអ្នកវិនិយោគជប៉ុនជាអ្នកវិនិយោគ ដែលមានភាពឆ្លាតវៃបំផុត ព្រោះមុនបើកផ្សារទំនើប AEON MALL1 និង AEON MALL2 ពួកគេបានសិក្សាពីតម្រូវការរបស់ប្រ ជាជនកម្ពុជា សិក្សាពីចំណុចខ្វះខាតដែលផ្សារទំនើប ក្នុងស្រុកមិនទាន់បំពេញបាន និងសិក្សាពីលក្ខខ័ណ្ឌសេដ្ឋកិច្ចសង្គម និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋរួចហើយ ទើបពួកគេសម្រេចចិត្តបោះទុនវិនិយោគរាប់រយលានដុល្លារ ដើម្បីដំណើរការផ្សារទំនើបរបស់ខ្លួននៅកម្ពុជា។
លោកបន្តថា “កំណើនសេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ដែលធ្វើឲ្យកំលាំងទិញបានកើនឡើងជាស្វ័យប្រវត្តិ។ នេះក៏ជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីកសាងមូលដ្ឋានវិនិយោគរបស់ពួកគេនៅកម្ពុជាផងដែរ”។លោកបន្តថា “អ្នកវិនិយោគ ពួកគេមិនទៅកាន់ប្រទេសក្រីក្រ ដែលសេដ្ឋកិច្ចស្ថិតក្នុងឳនភាពនោះទេ ព្រោះពួកគេស្វែងរកប្រាក់ចំណេញ បើមិនចំណេញតើពួកគេអាចចំណាយទុនវិនិយោគរាប់រយលានដុល្លារឬទេ”។
លោកលាងគង់ យិនបានបន្តថា ការបើកផ្សារទំនើប AEON MALL1 និង AEON MALL2 បាននិងកំពុងធ្វើឲ្យផ្សារទំនើបក្នុងស្រុកប្រឈមបញ្ហាជាច្រើនផងដែរ ជាក់ស្តែងស្តង់នៅផ្សារទំនើប CITY MALL បានបិទទ្វារជាច្រើន និងផ្សារទំនើប Soriya Mallបានរៀបចំកែលំអរឡើងវិញ ដើម្បីទបប់ស្កាត់រលកនៃភាពប្រកួតប្រជែងនេះ។ លោកបន្តថា ផ្សារទំនើប AEON និមួយៗប្រៀបដូចជារមណីយដ្ឋានមួយ ដែលផ្តល់នូវទំនិញ សេវាកម្ម និងកន្លែងកំសាន្តដ៏សម្បូរបែប និងធ្វើឲ្យអតិថិជនភាគច្រើនដែលធ្វើដំណើរទៅកាន់ផ្សារទំនើបនេះ មិនអាចដើរបានគ្រប់ទីកន្លែងដែលស្ថិតក្នុងផ្សារទំនើបនិមួយៗផង។
នៅឆ្នាំនេះផ្សារទំនើបតូចធំចំនួន១៣ទៀត គ្រោងបើកដំណើរការនៅទីក្រុងភ្នំពេញ ដែលធ្វើឲ្យអ្នកជំនាញហៅឆ្នាំ២០១៨នេះថា “ជាឆ្នាំនៃផ្សារទំនើប”។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ការកើនឡើងនូវផ្សារទំនើបក្នុងក្រុងភ្នំពេញ មិនទាន់មានអ្វីគួរឲ្យបារម្ភនោះទេ ប៉ុន្តែប្រសិនជាផ្សារទំនើបបើកច្រើនដូចឆ្នាំនេះ ចំនួនផ្គត់ផ្គង់ផ្សារទំនើបអាចលើសពីតម្រូវការ។អ្នកនាងបន្តថា កំនើនអំណាចនៃការទិញ បានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរ ជាតិកាន់តែច្រើនចាប់អារម្មណ៍ផ្សារទំនើបនៅកម្ពុជា ដោយសារការវិនិយោគផ្សារទំនើបទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។
អ្នកនាងបន្តថា “ផ្សារទំនើបទាំងនេះបានចាប់យកទីតាំង និងចំណែកអតិថិជនខុសៗគ្នា ដែលធ្វើឲ្យភាពប្រកួតប្រជែងមិនមានភាពខ្លាំងក្លាទេ”៕