ក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោករបស់កូរ៉េ កំពុងពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា

0

ដោយៈ រ៉ាណេត

កូរ៉េៈ ក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោកមួយរបស់កូរ៉េ ដែលមានដើមទុនរាប់ពាន់លានដុល្លារ និងមានជំនាញក្នុងការផលិតសម្បកកង់រថយន្ត សម្រាប់ដាក់លក់នៅលើទីផ្សារពិភពលោក និងចែកចាយចំនួន១៣២ប្រទេសបាននិងកំពុងសិក្សា និងពិនិត្យពីលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

លោកថន ដារ៉ា នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១បានពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន NEXEN TIRE ដែលជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តដ៏ធំប្រចាំ នៅប្រទេសកូរ៉េពីភាពជាដៃគូវិនិយោគ រវាងក្រុមហ៊ុនឯកជនកូរ៉េជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងដំណើរទស្សនៈកិច្ចក្នុងក្រុមហ៊ុន NEXEN TIRE នៅទីក្រុងឆាងវ៉ុន ប្រទេសកូរ៉េ លោកថន ដារ៉ាបានលើកឡោះងថា កម្ពុជានាពេលបច្ចុប្បន្នមានវឌ្ឍនភាព និងភាពរីកចម្រើនស្ទើរគ្រប់វិស័យ ដែលបានផ្តល់ឱកាសដល់វិនិយោគិនអន្តរជាតិនានា ដែលក្នុងនោះក្រុមហ៊ុនកូរ៉េជាច្រើន កំពុងមានដំណើរប្រតិបត្តិការនៅកម្ពុជា ក្នុងវិស័យជាច្រើនដូចជា ធនាគារ អចលនទ្រព្យ ឧស្សាហកម្ម កសិឧស្សាហកម្ម និងផ្នែកសេវាកម្មផងដែរ។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យប្រធានក្រុមហ៊ុន ពិនិត្យមើលលទ្ធភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្នើឲ្យក្រុមហ៊ុនទទួលទិញជ័រកៅស៊ូ ពីប្រទេសកម្ពុជា ព្រោះជ័រកៅស៊ូនៅកម្ពុជាមានគុណភាពខ្ពស់ និងតម្លៃធូរថ្លៃ។

ជាការឆ្លើយតប លោក Lee Sung Jae ប្រធានគ្រប់គ្រងរោងចក្រផលិតកង់រថយន្ត NEXEN TIRE សាខាឆាងវ៉ុន នៃប្រទេសកូរ៉េបានទទួលយកសំណើរ ដើម្បីសិក្សាលម្អិត និងពិនិត្យមើលពីលទ្ធភាព ក្នុងការវិនិយោគជាដៃគូជាមួយកម្ពុជា ជាពិសេសការសិក្សាពីតម្រូវការទីផ្សារជ័រកៅស៊ូរបស់កម្ពុជាផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន NEXEN TIRE ដែលមានជំនាញក្នុងការផលិតសម្បកកង់រថយន្តមួយនេះមានរោងចក្រធំៗចំនួន៤ទីតាំង គឺរោងចក្រនៅសាធាររដ្ឋកូរ៉េចំនួន២ រោងចក្រនៅប្រទេសចិនចំនួន១ និងរោងចក្រនៅប្រទេសឆេកូចំនួន១។ ដោយឡែកចំពោះរោងចក្រនៅឆាងវ៉ុននេះ មានកម្លាំងផលិតបានក្នុង១ថ្ងៃ រហូតដល់ទៅ៥០០០០០ សម្បកកងរថយន្ត ដោយក្នុង១ថ្ងៃលក់ចេញចំនួន៣២០,០០០កង់រថយន្ត និងផ្គត់ផ្គង់ទៅកាន់ទីផ្សារសាកលចំនួន១៣២ប្រទេស ដោយក្នុងនោះទីផ្សារសំខាន់ៗ គឺប្រទេសនៅប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here