ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ប្រកាសថានឹងវិនិយោគទឹកប្រាក់ យ៉ាងហោចណាស់១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រសារព័ត៌មានក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម យក្សនេះ បានការពារការក្តីជម្លោះជាមួយអូស្រ្តាលី លើការទូទាត់ប្រាក់ទៅឱ្យអង្គភាពសារព័ត៌មាន។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានផ្នែកកិច្ចការទំនាក់ទំនងពិភពលោករបស់ក្រុមហ៊ុន Facebook លោកNick Clegg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនមានឆន្ទៈក្នុងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខណៈពេលដែលរំលឹកឡើងវិញ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះការបង់ប្រាក់ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុន។
លោកបានបន្តថា “យើងទទួលស្គាល់យ៉ាងច្បាស់ នូវវិជ្ជាជីវៈសារព័ត៌មាន ដែលជាចំណុចស្នូល នៃសង្គមសេរី ដោយពលរដ្ឋអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ”។
លោក Clegg បាននិយាយដូច្នេះ បន្ទាប់ពីFacebook ស្តារតំណភ្ជាប់ព័ត៌មានជាផ្នែកមួយ នៃការសម្របសម្រួលជាមួយមន្រ្តីអូស្រ្តាលីថា “Facebook មានឆន្ទៈធ្វើជាដៃគូជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន”។
លោក Clegg បានការពារក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិកនេះ នៅក្នុងការសរសេរប្លុកមួយ ដែលមានចំណងជើងថា “រឿងរ៉ាវពិតនៃអ្វីដែលបានកើតឡើង ជាមួយព័ត៌មាននៅលើ Facebook នៅអូស្ត្រាលី”។
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មានភាពចម្រូងចម្រាស បន្ទាប់ពីបានលុបចោលទំព័រប្រព័ន្ធផ្សព្វផ្សាយនានា សម្រាប់អ្នកប្រើប្រាស់អូស្រ្តាលី និងរារាំងពួកគេពីការចែករំលែកមាតិកាព័ត៌មានណាមួយ។
លោកClegg បានអះអាងនៅក្នុងការប្រកាសរបស់លោកថា ចំណុចសំខាន់នៃភាពចម្រូងចម្រាស គឺជាការយល់ច្រឡំ អំពីទំនាក់ទំនងរវាងFacebook និងអ្នកបោះពុម្ពផ្សាយព័ត៌មាន។
លោកបាននិយាយថា “ការអះអាងនេះបានធ្វើឡើងម្តងហើយម្តងទៀត យ៉ាងទូលំទូលាយ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលថា Facebook លួចឬយកសារព័ត៌មានដើម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច ហើយវានៅតែមិនមែនជាពិត”៕