ចូ បៃ​ឌិន គ្រោង​ប្រើ​យុ​ទ្ឋ​សាស្ត្រ​របស់លោក​ដូ​ណា​ល់ ត្រាំ ដើម្បី​ចាត់ការ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ដែល​បង្ក​ការគំរាមកំហែង​ដល់​អាមេរិក

0

ដោយៈ​សុខុម

វ៉ាស៊ីនតោនៈ យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន មាន​ភាព​ប្រេះឆា​យ៉ាងខ្លាំង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​រដ្ឋការ​រប​ស់លោក​ដូ​ណា​ល់ ត្រាំ បាន​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន។ មជ្ឈដ្ឋាន​ទូទៅ​ព្យាករ​ថា ក្រោម​រដ្ឋការ​ថ្មី​របស់លោក ចូ បៃ​ឌិន ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នឹង​ធូរស្រាល​ឡើង ប៉ុន្តែ​ប្រហែលជា​មិន​ងាយស្រួល​ដូច្នេះ​ឡើយ។

យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី២៧ កុម្ភៈ ឱ្យដឹងថា រដ្ឋការ​របស់លោក​ចូ បៃ​ឌិន មាន​ផែនការ​អនុញ្ញាតឱ្យ​វិធានការ ក្នុងសម័យ​ដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ចូល​ជា​ធរមាន បើទោះបីជា​មានការ​ជំទាស់​ពី​បណ្ដា​ក្រុមហ៊ុន សហគ្រាស​របស់​សហរ​ដ្ឋ​អាមេរិក​យ៉ាងណាក្ដី។

ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ទី២៦ កុម្ភៈ ថា វិធាន​នោះ មាន​គោលបំណង​ចាត់​វិធានការណ៍ លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ណា ដែល​គេ​រកឃើញថា​បង្ក​ការគំរាមកំហែង​មកលើ​សហរដ្ឋអាមេរិក។

ក្រសួង​នេះ បានចេញ​វិធាន​ចុងក្រោយ​ជា​បណ្តោះអាសន្ន​មួយ ក្នុង​គ្រា​ដែល​លោក ដូ​ណា​ល់ ត្រាំ សល់​ពេល​កាន់អំណាច​តែ​ប៉ុន្មាន​ចុងក្រោយ។ វិធាន​នោះ​មាន​គោលបំណង​ដោះស្រាយ​ក្ដីកង្វល់​នានា​អំពី​សង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ហើយ​បាន​បញ្ជាក់ថា វិធាន​នោះ​នឹងមាន​ប្រសិទ្ធភាព​អនុវត្តន៍ បន្ទាប់ពី​សាធារណជន​បញ្ចេញមតិ​យោបល់​រយៈ​ពេល៦០ ថ្ងៃ។

កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​តាម    រយៈ​សេចក្ដីថ្លែងការណ៍​ថា ក្រសួងពាណិជ្ជកម្ម នឹង​បន្ត​ទទួលយក​ការបញ្ចេញ​មតិយោបល់រ​បស់​សាធារណជន អំពី​វិធាន​នេះ​រហូតដល់​ថ្ងៃទី២២ មីនា ជា​ពេលដែល​វិធាន​នេះ​ត្រូវ​ចូល​ជា​ធរមាន។

សេចក្ដីថ្លែងការណ៍​ដដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា “បច្ចេកវិទ្យា ព្រមទាំង​សេវា​ព័ត៌មាន និង​ទូរគមនាគមន៍​ដែល​អាច​ជឿ​ទុកចិត្តបាន ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​សន្តិសុខ​ជាតិ និង​សន្តិសុខ​សេដ្ឋកិច្ច​របស់​យើង ហើយ​វា​នៅតែ​ជា​គោលនយោបាយ​អាទិភាព​កំពូល​សម្រាប់​រដ្ឋការ​លោក ចូ បៃ​ឌិន” ។

សភា​ពាណិជ្ជ​សហរដ្ឋអាមេរិក និង​ក្រុម​តំណាង​ឧស្សាហកម្មសំខាន់ៗ បានលើកឡើង​ពី​ក្ដី​ព្រួយបារម្ភ នៅក្នុង​លិខិត​មួយ​ផ្ញើ​ជូនទៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ខែមករា​ថា “វិធាន​នេះ ទទួលបាន​អំណាច​ស្ទើរតែ​គ្មាន​ដែន​កំណត់ នៅក្នុង​ការអន្តរាគមន៍​ក្នុង​ការធ្វើ​ប្រតិបត្តិ​ពាណិជ្ជកម្ម រវាង​ក្រុមហ៊ុន​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​បរទេស​ពាក់ព័ន្ធ​នឹង​ប    ច្ចេក​វិទ្យា ដែលមាន​តិចតួច ឬក៏​គ្មាន​សោះ​នូវ​ដំណើរការ​ត្រឹមត្រូវ គណនេយ្យភាព តម្លាភាព ឬ​ការសម្របសម្រួល​ជាមួយ​កម្ម​វ​ធីផ្សេងៗទៀត​របស់​រដ្ឋាភិបាល” ។

កិច្ចប្រជុំតុមូល​របស់​ក្រុម​តំណាង​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុនធំៗរបស់​សហរដ្ឋអាមេរិក បានលើកឡើង​មុននេះ​ថា វិធាន​នេះ “មិនអាច​ទៅរួច​ឡើយ សម្រាប់​ក្រុមហ៊ុន​សហគ្រាស​សហរដ្ឋ​អាមេរិក បើ​ស្ថិតនៅក្នុង​ទម្រង់​បច្ចុប្បន្ន” ។

ទោះជា​យ៉ាងណា ខណៈ​ក្រសួងពាណិជ្ជកម្ម​អាម​រិ​ក កំពុង​ទទួលយក​មតិ​យោបល់​ពីសា​ធារ​ជន​នៅឡើយ ក្រសួង​ប្រហែលជា​អាច​កែប្រែ​វិធាន​នេះ​លើ​ចំណុច​ខ្លះ ដោយ​ផ្អែក​តាម​ការជំទាស់​ពី​ក្រុមហ៊ុន​សហគ្រាស និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here