ក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិកគ្រោងពង្រីកមូលដ្ឋានវិនិយោគនៅកម្ពុជា

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ ​ក្រុមហ៊ុន Chevron (Cambodia) Limited ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម Chevron មាន​មូលដ្ឋាន​នៅ​អាមេរិក​ បានបង្ហាញពីផែនការពង្រីក​មូលដ្ឋានចែកចាយប្រេងកាន់តែ​ច្រើននៅកម្ពុជា។

ក្រុមហ៊ុននេះកំពុងដំណើរការស្ថានីយ៍ប្រេងCaltex នៅកម្ពុជា ពិសេសក្រុងភ្នំពេញ ដែលមានស្ថានីយ៍ច្រើនជាងគេ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ លោក ជៀប សួ បាន​ប្រាប់កាសែតក្នុងស្រុកមួយ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈកន្លងមក​ថា ក្នុងជំនួប​រវាង លោ​កស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​លោកPongtorn Tangma-nuswong ប្រធាន​ក្រុមហ៊ុន Chevronប្រចាំ​​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ក្រុមហ៊ុន Chevron បានឱ្យ​ដឹងថា ខ្លួន​មាន​ផែនការ​ពង្រីក​ស្ថានីយ​ឱ្យ​បាន​ដល់​១០០ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ប្រទេស​កម្ពុជា​។

ទោះយ៉ាងណាលោក​អះអាង​ថា ក្រុមហ៊ុន​មិនបាន​បញ្ជាក់​នូវ​ពេលវេលា​ជាក់លាក់​ថា តើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះទេ​។

លោក​បាន​បន្តថា​ “​នេះ​គ្រាន់តែ​ជា​ផែនការ​ប៉ុណ្ណោះ ដោយ​គាត់​មិនបាន​បញ្ជាក់ថា ១០០ ​ស្ថានីយ​នោះ​នឹង​សាងសង់​ក្នុង​ឆ្នាំ​នេះ​ទេ ខណៈ​បច្ចុប្បន្នក្រុមហ៊ុននេះ​ទើបតែ​មាន៣៥​ស្ថានី​យ៍នៅកម្ពុជា”។លោកបន្តថា “​រដ្ឋាភិបាល ​ស្វាគមន៍​រាល់​ការពង្រីក​អាជីវកម្ម​រប​ស់​ក្រុមហ៊ុន បើ​ទីតាំង​ដែល​ក្រុមហ៊ុន​ស្នើសុំ ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ហើយ​ការរៀបចំ​បច្ចេកទេស​របស់​គាត់​ស្រប តាម​សារាចរ​របស់​យើង​ ដែល​បានកំណត់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​”។

លោក​បន្ថែម​ទៀត​ថា ​សម្រាប់​ការពង្រីក​ស្ថានីយ​នេះ ​ក្រុមហ៊ុន​ត្រូវដាក់​ពាក្យស្នើសុំ​ម្តង​មួយៗ​ ដោយ​វា​ទាមទារ​ឱ្យ​យើង​ត្រូវ​ត្រួត​ពិនិត្យមើល​ទីតាំង និង​សុវត្ថិភាព​នៃ​ការរៀបចំ​។ អាជីវកម្ម​ស្ថានីយ​ប្រេងឥន្ធនៈ គឺ​ខុសពី​អាជីវកម្ម​ផ្សេងៗ ​ដោយសារ​វា​តម្រូវឱ្យ​យើង​ចុះទៅ​អង្កេត និង​វាយតម្លៃ​លើ​ផែនការ​សុវត្ថិភាព និង​ទីតាំង​ជាក់ស្តែង​​។

កម្ពុជា​បាន​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​នៅលើ​ពិភពលោក និង​ជា​ប្រទេស​ទី​៨ ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ឡាវ និង​សិង្ហបុរី​) ​បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បាន​ទាញយក​តំណក់​ប្រេង​លើកដំបូង​នៅ​ប្លុកA​៕

LEAVE A REPLY

Please enter your comment!
Please enter your name here