ដោយ គង់ស សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group បានប្រកាសពីគំរោងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៦០ជាន់ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមនៅពេលខាងមុខនេះ។
គំរោងប្លង់សណ្ឋាគារលំដាប់ពិភពលោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានបង្ហា ញហើយ តាមរយៈស្ថាបត្យកម្មដ៏ប្រណីតមួយ ដែលធ្លាប់បានបង្ហាញនៅទីតាំងការិយាល័យកណ្តាលរបស់ក្រុមហ៊ុននេះនៅទីក្រុងរណបកោះពេជ្រ។
លោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត បានមានប្រសាសន៍ក្នុង ពិធីដាក់ឲ្យដំណើរការខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះថាក្រុមហ៊ុនរបស់លោកនឹងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកថ្មីមួយ ដែលមានកំពស់៦០ជាន់ និងជាប្រភេទអាគារភ្លោះ ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម នាពេលខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណាលោមិនបញ្ជាក់ពីព៌តមានជាក់លាក់ និងការសាងសង់ចាប់ផ្តើមនៅពេលណានោះទេ។
ក្រុមហ៊ុនយក្ស ដែលមានមូលដ្ឋាននៅប្រទេសចិននេះ បានប្រកាសពីគម្រោងជាច្រើននៅកម្ពុជា ដោយគ្រោងចំណាយទុនវិនិយោគសរុប ចំនួន៥០០០លានដុល្លារអាមេរិក។
លោក Li Min បានឲ្យដឹងទៀតថា ការសាងសង់អាគារដ៏ខ្ពស់នេះ ដោយសារក្រុមហ៊ុនចង់ចូលរួមជាមួយ នឹងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដោយផ្នែកលើប្លង់អភិវឌ្ឍន៍រាជធានីភ្នំពេញ នៅឆ្នាំ២០២០ រាជធានីភ្នំពេញនឹងពង្រីកផ្ទៃក្រឡាដល់៣៧៥ គីឡូម៉ែត្រការ៉េ ចំនួនប្រជាពលរដ្ឋនឹងកើនឡើងដល់៣លាននាក់ និងនៅឆ្នាំ២០៣៥ រាជធានីភ្នំពេញ នឹងពង្រីកបន្ថែមរហូតដល់៦៧៥គីឡូម៉ែត្រការ៉េ ជាមួនឹងកំណើនដង់ស៊ីតេប្រជាពលរដ្ឋសរុបជាង៥លាននាក់ ដែលកំណើននេះនឹងធ្វើឲ្យតម្រូវការលើវិស័យអចលនទ្រព្យ ជាពិសេសលំនៅដ្ឋាន និងអាគារខុនដូប្រណិតៗកាន់តែកើនឡើងបន្ថែមទៀត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីបានថ្លែងស្វា គមន៍នូវគំរោងដ៏អស្ចារ្យនេះ ដោយលោកស្រីបានមានប្រសាសន៍ថា ការសាងសង់សណ្ឋាគារលំដាប់អន្តរជាតិនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ខណៈក្រុងភ្នំពេញកំពុងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្តែទីក្រុងនេះមានរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍នៅមានកម្រិត៕