មហាយក្សចិនដាក់ចេញចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រថ្មី ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត

0

ដោយៈ សុខុម

ប៉េកាំងៈ មហាយក្សចិន នៅថ្ងៃសុក្រ ទី៥ ខែមីនានេះ បានដំឡើងគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) សាជាថ្មី ក្រោយសេដ្ឋកិច្ចរបស់ខ្លួនចាប់ផ្ដើមងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ក្នុងថ្ងៃដដែល។

មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានកំណត់គោលដៅGDP លើស៦% ហើយបានសន្យាបង្កើតការងារបន្ថែមទៀតនៅក្នុងទីក្រុងនានាឱ្យបានច្រើនជាងឆ្នាំមុន ខណៈខ្លួនចាប់ផ្ដើមងើបពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ជាបណ្ដើរៗ។

ក្នុងឆ្នាំ២០២០ ប្រទេសចិន បានបន្ទាបគោលដៅកំណើន GDP របស់ខ្លួននៅក្នុងរបាយការណ៍ការងាររបស់នាយករដ្ឋមន្រ្តីជាលើកដំបូងចាប់តាំងពីឆ្នាំ២០០២មក ក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន។

នាយករដ្ឋមន្ត្រីលី ខឹឈាង (Li Keqiang) បានលើកឡើងតាមរយៈរបាយការណ៍ការងារឆ្នាំ២០២១ របស់លោកថា “ជាគោលដៅទូទៅ អត្រាកំណើនរបស់ប្រទេសចិន ត្រូវបានកំណត់លើស៦% សម្រាប់ឆ្នាំនេះ។ នៅក្នុងការកំណត់គោលដៅនេះ យើងបានគិតគូរដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច”។

ជាការកត់សម្គាល់ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏ GDP របស់ប្រទេសចិន នៅតែអាចទទួលបានកំណើន២,៣% កាលពីឆ្នាំមុន ហើយចិនគឺជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ដែលទទួលបានកំណើន។

លោកលី ខឹឈាងបានថ្លែងក្នុងកិច្ចប្រជុំសភានៅឆ្នាំនេះថា ប្រទេសចិន នឹងកំណត់គោលដៅបង្កើតការងារថ្មីៗឱ្យបានជាង១១លានកន្លែងនៅក្នុងទីក្រុង បើធៀបនឹងគោលដៅបង្កើតការងារថ្មីៗជាង៩លាន់កន្លែងក្នុងឆ្នាំ២០២០។

ស្របនឹងការងើបឡើងនៃសេដ្ឋកិច្ច រដ្ឋាភិបាលចិន កំពុងកំណត់គោលដៅឱនភាពថវិកាសម្រាប់ឆ្នាំ២០២១ ប្រមាណ៣,២% នៃ GDP ដែលតិចជាងគោលដៅលើស៣,៦% កាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here