ក្រុមហ៊ុនធំៗជាច្រើនរបស់ថៃត្រៀមពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់កម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្មធំៗជាច្រើនរបស់ថៃត្រៀមពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩បានបញ្ចប់។ នេះបើយោងតាមលើកឡើងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

ស្ថានទូតកម្ពុជាបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនសាជីវកម្មធំៗដូចជា BJC (ប្រតិបត្តិករផ្សារទំនើប BigC) ក្រុមហ៊ុន CP ALL (ប្រតិបត្តិករហាងលក់ទំនិញរាយ 7-Eleven) ក្រុមហ៊ុន KTIS Group (ប្រតិបត្តិកររោងចក្រស្ករសធំជាងគេលើពិភពលោក) ក្រុមហ៊ុន Betagro Group (ប្រតិបត្តិកររោងចក្រអាហារកែច្នៃធំទី២ បន្ទាប់ពីក្រុមហ៊ុន CP)។

ស្ថានទូតក៏បានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន P.P.J. Engineering (ប្រតិបត្តិកររោងចក្រម៉ាស៊ីនត្រជាក់ធំជាងគេ) ព្រមទាំងក្រុមហ៊ុនជាច្រើនទៀត ដើម្បីស្វែងយល់ពីប្រតិបត្តិការធុរកិច្ចទូទៅ និងផ្សព្វផ្សាយគោលនយោបាយវិនិយោគ កាលានុវត្តភាពធុរកិច្ច ព្រមទាំងសក្តានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

ស្ថានទូតបានឱ្យដឹងថា “ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនសុទ្ធតែបានសន្យាពង្រីកប្រតិបត្តិការធុរកិច្ចមកកាន់ប្រទេសកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់”។

នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២០ បើទោះបីជារងសម្ពាធពីវិបត្តិជំងឺកូវីដ១៩ ដែលបានកំពុងរាតត្បាតទូទាំងសាកលលោក ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រោមការដឹកនាំរបស់លោក អ៊ូក សោភ័ណជាឯកអគ្គរាជទូត បានធ្វើសកម្មភាពជាច្រើន ដោយសម្រេចបានលទ្ធផលធំៗគួរជាទីមោទនៈសម្រាប់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ស្ថានទូតបានទទួលជួបពិភាក្សា និងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកធុរកិច្ចឥតគិតថ្លៃ ជូនប្រតិភូធុរជនថៃ និងបរទេស ដោយក្នុងនោះបានជម្រាបជូនពីកំណើនសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពធុរកិច្ច គោលនយោបាយវិនិយោគ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ជាលទ្ធផល ក្រុមហ៊ុនភាគច្រើនមិនត្រឹមតែកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ប៉ុន្តែសម្តែងការពេញចិត្តចំពោះទីផ្សាររបស់កម្ពុជា ព្រមទាំងកម្មវវិធីនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here