ដោយគង់ សូរិយា
ភ្នំពេញៈមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត្តឲ្យក្រុមហ៊ុន KrisEnergy របស់សិង្ហបុរីទាញយករ៉ែប្រេង និងឧស្ម័ននៅអណ្តូងចំនួន ៤ទៀត ដែលធ្វើឲ្យបរិមាណប្រេងទទួលបាន កើនដល់ចំនួន ៧៥០០បារ៉ែលក្នុងមួយថ្ងៃ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលលោកជៀប សួរ បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុននេះបានដំណើរការអណ្តួងបូមប្រេងចំនួន៤ បន្ថែមទៀតក្នុងអណ្តូងប្រេង A-01D នៃផ្លាតហ្វម នៅតំបន់ប្រេងអប្សរាក្នុងប្លុក A នៃបាសាំងខ្មែរ បន្ទាប់ពីអណ្តូងទី១ បានដំណើរកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំមុន។
លោកបន្ថែមថា “ការដំណើរការអណ្តូងប្រេងទាំង៥នេះ កម្ពុជាអាចផលិតប្រេងបានចំនួន ៧៥០០បារ៉ែលក្នុង១ថ្ងៃ” ។ លោកថ្លែងថា “ប្រសិនបើ អណ្តូងទាំង៥នេះ ដំណើរការល្អ គេនឹងធ្វើការខួងអណ្តួងបន្ថែមជាបន្តបន្ទាប់ ទៅតាមផែនការរបស់គេ” ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនធានដែលទទួលបានពីប្រេង មិនទាន់មានឥទ្ឋិពលជាដុំកំភួនជួយដល់សេដ្ឋកិច្ចជាតិនៅឡើយទេ ដោយសារមួយឆ្នាំកម្ពុជាទទួលបានទឹកប្រាក់ពីប្រេង ដែលបូមបានមានប្រមាណ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏មានចម្ងល់ផងដែរថា ហេតុអ្វីតម្លៃប្រេងនៅតែមានតម្លៃថ្លៃនៅកម្ពុជា បើទោះជាកម្ពុជាអាចមានលទ្ឋភាពបូមប្រេងបានដោយខ្លួនឯងហើយនោះ?៕