ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនចាប់ផ្តើមងាកមកចាប់យកចំណែកទីផ្សារក្នុងស្រុកដ៏មានសក្ដានុពលរបស់ខ្លួន

0

ដោយៈ សាវុធ

ហុងកុងៈ ប្រភពជាក់លាក់មួយបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Li Auto Inc ក្រុមហ៊ុន Nio Inc និងក្រុមហ៊ុន Xpeng Inc គ្រោងនឹងចុះបញ្ជីនៅហុងកុងនៅឆ្នាំនេះ ដើម្បីទាក់ទាញអ្នកវិនិយោគនៅប្រទេសខ្លួនផ្ទាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងបីនេះ មានគោលបំណងលក់ហ៊ុន យ៉ាងហោចណាស់៥ភាគរយ នៃមូលធនភាគហ៊ុនសរុប នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។ ផ្អែកលើមូលធននីយកម្ម ទីផ្សារញូវយ៉ករបស់ក្រុមហ៊ុនទាំងបី កាលពីថ្ងៃចន្ទ ការប្រមូលមូលនិធិពីផ្សារហ៊ុននៅហុងកុងអាចឈានដល់៥ពាន់លានដុល្លារអាមេរិក។

ប្រភពមួយដែលបានបដិសេធ មិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនបាននិងកំពុងធ្វើការ ជាមួយអ្នកប្រឹក្សាយោបល់អំពីការលក់ភាគហ៊ុន ដែលអាចចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុន Li Auto ក្រុមហ៊ុនNio និងក្រុមហ៊ុនXpeng ដែលប្រមូលប្រាក់បានចំនួន១៤,៧ពាន់លានដុល្លារ នៅក្នុងផ្សារហ៊ុនសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨។ ភាគហ៊ុន ដែលបានចុះបញ្ជីនៅអាមេរិក របស់ក្រុមហ៊ុនផលិតរថយន្តទាំងបី បានកើនឡើងចន្លោះពី៣,៧ភាគរយ ទៅ៥,៣ភាគរយនៅក្នុងការលក់ភាគហ៊ុនដំបូង។

ផែនការនេះធ្វើឡើង នៅពេលដែលក្រុមហ៊ុនទាំងបីបង្កើនដើមទុន ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងពង្រីកបណ្តាញលក់ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលក្រុមហ៊ុនTesla Inc របស់សហរដ្ឋអាមេរិកកំពុងជំរុញការលក់យានយន្តផលិតនៅប្រទេសចិន។

ឆ្នាំនេះត្រូវបានគេមើលឃើញថា មានសារៈខ្លាំងសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីដណ្តើមចំណែកទីផ្សារ ខណៈឧស្សាហកម្មនេះរំពឹងថា ការលក់រថយន្តថាមពលថ្មីរបស់ចិន នឹងកើនឡើងជិត៤០ភាគរយ ដែលកាលពីឆ្នាំមុនមានត្រឹមតែ១,៨លានគ្រឿង។

លោក Shi Ji អ្នកវិភាគរបស់ក្រុមហ៊ុនHaitong International បាននិយាយថា “ទោះបីមានធនធានហិរញ្ញវត្ថុច្រើននាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងឆ្នាំមុនក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នៅតែត្រូវការវិនិយោគយ៉ាងច្រើនសម្បើម លើបច្ចេកវិទ្យាជំនាន់ថ្មី។ ការស្វែងរកបញ្ជីផ្សារហ៊ុននៅទីផ្សាររបស់ខ្លួនគឺរឿងមួយដ៏ល្អ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here