មហាមយក្សចិនផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកដែលរួមបញ្ចូលកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីធំបំផុតរបស់ពិភពលោក (សំដៅទៅ RCEP) ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ដោយមានប្រទេសចំនួន១៥នៅអាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់សម័យប្រជុំប្រចាំឆ្នាំនៃសភាចិនថា ប្រទេសចិនសង្ឃឹមថា ប្រទេសសមាជិកដទៃទៀត នឹងពន្លឿនដំណើរការ ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលធរមានឱ្យមានឆាប់។

ក្នុងគោលបំណងជំរុញឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់ កាលពីថ្មីៗនេះចិនក៏បានបង្ហាញពីបំណងចូលរួម ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីខែមករា ឆ្នាំ២០១៧។

កិច្ចព្រមព្រៀង RCEP ដែលគ្របដណ្តប់មួយភាគបីនៃពាណិជ្ជកម្ម និងចំនួនប្រជាជនលើពិភពលោក មានការចូលរួមពីអាស៊ាន អូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ហើយអាស៊ានរួមមានព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន បន្ទាប់ពីមានការផ្តល់សច្ចាប័នដោយសមា​ជិកអាស៊ានចំនួន៦ និងប្រទេស៣ផ្សេងទៀត។ កាលពីខែមុន ប្រទេសថៃបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ខណៈដែលគណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងនេះផងដែរ។

ប្រសិនបើតំបន់ពាណិជ្ជកម្មសេរីនេះ ត្រូវបានអនុវត្តពេញលេញ សកម្មភាពពាណិ​ជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេស RCEP នឹងធ្វើឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារមានការលុបបំបាត់ និងការកាត់បន្ថយពន្ធ។

ជាមួយគ្នានេះដែរ ការរៀបចំក្រុមពិសេសមួយត្រូវបានធ្វើឡើង ដើម្បីសម្រួលដល់ការវិលត្រឡប់របស់ឥណ្ឌា ទោះបីជាឥណ្ឌាបានដកខ្លួនចេញ ពីការចរចាចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៩ ដោយសារមានក្តីបារម្ភពីឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយចិននឹងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here