ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២១កន្លងទៅនេះ ការដឹកជញ្ជូនតាមជើងហោះហើររបស់កម្ពុជានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងនោះអត្រានៃចំនួនអ្នកដំណើរធ្លាក់ចុះរហូតដល់៩៧ភាគរយ ហើយការដឹកទំនិញបានបន្តធ្លាក់ចុះប្រមាណ២៦,៤ភាគរយ។
តាមរបាយការណ៍របស់ Cambodia Airports បានបង្ហាញថា ចរាចរណ៍តាមផ្លូវអាកាសក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២១នេះ នៅបន្តធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នៅក្នុងនោះ ចំនួនអ្នកដំណើរមានការធ្លាក់ចុះនេះមានចំនួនសរុប ៩៧ភាគរយ ខណៈចំនួនទំនិញធ្លាក់ចុះ ២៦,៤ភាគរយ។ ។
ដោយឡែក យោងតាមទិន្នន័យពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាទទួលបានអ្នកដំណើរក្នុងស្រុក អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបចំនួន ២,១៣លាននាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ ៧៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ជារួម វិស័យអាកាសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកនៅតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩នៅឡើយ ដែលបញ្ហានេះបានជះឥទ្ឋិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។