ដោយៈ ប៊ី
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចំនួន៣ រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងវៀតណាម សម្រេចបាន១.០១៨,៥លានដុល្លារ នៅក្នុងពេញមួយខែមករា ឆ្នាំ២០២១ ខណៈទិសដៅនាំចេញរបស់កម្ពុជាទាំង៣នេះ បានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការដោះដូរពាណិជ្ជកម្ម បើទោះបីមានវិបត្តិកូវីដ១៩ ។
កម្ពុជា-អាមេរិក
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -អាមេរិក សម្រេចបានទំហំទឹកប្រាក់៦១៥លានដុល្លារក្នុងខែមករា ឆ្នាំ២០២១ កើនឡើងជិត៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿន របស់សហរដ្ឋអាមេរិក ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការនាំចេញទៅសហរដ្ឋអាមេរិក ខែមករាឆ្នាំ២០២១នេះ មានទំហំជាទឹកប្រាក់ ៥៨០.៦លានដុល្លារ និងការនាំទំនិញពីអាមេរិក មកកាន់កម្ពុជាវិញមានទំហំប្រមាណ៣៣.៩លានដុល្លារ។
កំណើននៃការដោះដូរពាណិជ្ជកម្មនេះ ត្រូវបានគេមើលឃើញថា ជាឱកាសសម្រា ប់ជំរុញកំណើនវិនិយោគ មកកាន់កម្ពុជាឲ្យកាន់តែច្រើន ដើម្បីផលិតនាំចេញទៅសហរដ្ឋអាមេរិក។
កម្ពុជា-កូរ៉េខាងត្បូង
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -កូរ៉េខាងត្បូង ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន និងមានកំណើននៅដលដើមឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់ ការចរចាពាណិជ្ជកម្មសេរីកាលពីថ្មីៗនេះ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ៨៤.៥លានដុល្លារ ក្នុងខែមករា ឆ្នាំនេះ។
យោងតាមរបាយការណ៍ ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលទៅកាន់កូរ៉េខាងត្បូង មានទំហំទឹកប្រាក់៣២,៣លានដុល្លារ ក្នុងខែមករាកើនឡើង២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ កម្ពុជាបាននាំចូលផលិតផល ពីប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ប្រមាណ ៥២,២លានដុល្លារ កើនឡើង១២.៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជា-វៀតណាម
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម សម្រេចបានទំហំទឹកប្រាក់ ៣១៩លានដុល្លារក្នុងខែមករា ឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីថ្មីៗនេះ។
កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ ៤៨លានដុល្លារនៅខែដំបូង ឆ្នាំ២០២១នេះ ហើយកម្ពុជាបាននាំចូលទំនិញពីវៀតណាម មានទំហំទឹកប្រាក់ ២៧១លានដុល្លារ។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ផលិតផលសំខាន់ៗដែលវៀតណាមនាំចូលកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត៕