ក្រុមហ៊ុនយក្សអាមេរិកលក់ភាគហ៊ុនរបស់ខ្លួនបានតម្លៃជាង៣០ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនរបស់ប្រទេសអៀរឡង់

0

ដោយៈសុខុម

សហរដ្ឋអាមេរិកៈ ក្រុមហ៊ុនលំដាប់យក្សរបស់សហរដ្ឋអាមេរិក General Electric បានប្រកាសថាក្រុមហ៊ុនលំដាប់ពិភពលោក AerCap Holdings របស់ប្រទេសអៀរឡង់ នឹងទិញយកអាជីវកម្មដាក់ជួលយន្តហោះរបស់ខ្លួនក្នុងតម្លៃព្រមព្រៀងជាង៣០ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន CNA (China News Asia) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះបានបញ្ជាក់ថា អាជីវកម្ម GE Capital Aviation Services ឬហៅកាត់ថា GECAS នេះគឺជាក្រុមហ៊ុនមួយ ស្ថិតក្នុងចំណោមក្រុមហ៊ុនដាក់ជួលយន្តហោះធំៗបំផុតលើពិភពលោក ហើយដាក់ជួលយន្តហោះដឹកអ្នកដំណើរយ៉ាងច្រើន ដែលផលិតដោយក្រុមហ៊ុនល្បីៗ រួមមាន ក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់សហភាពអឺរ៉ុបជាដើម។

កិច្ចព្រមព្រៀងនេះ រួមមានការបង់ជាសាច់ប្រាក់មុនប្រហែល២៤ ពាន់លានដុល្លារ ដែលស្មើនឹងភាគហ៊ុនប្រមាណ៤៦% នៅក្នុងក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នានេះ ហើយ ១ពាន់លានដុល្លារទៀត នឹងបង់ឱ្យតាមក្រោយនៅពេលបិទបញ្ចប់ការទិញលក់នេះ។

លោកLarry Culp ដែលជានាយកប្រតិបត្តិក្រុមហ៊ុន General Electric បានលក់ចេញទ្រព្យសកម្មជាបន្តបន្ទាប់ ចាប់តាំងពីលោកឡើងកាន់តំណែង ក្នុងឆ្នាំ២០២១៨ មក ហើយការលក់នេះគឺជាលើកចុងក្រោយ។ ក្រុមហ៊ុន General Electric មានផែនការកាត់បន្ថយបំណុល ឱ្យបានប្រមាណ៣០ពាន់លានដុល្លារ បន្ទាប់ពីបិទបញ្ចប់ការទិញលក់នេះ ដោយប្រើប្រាស់ប្រាក់បានពីការលក់នេះ និងប្រភពប្រាក់ដែលមានស្រាប់។

តាមការរំពឹងទុកថា កិច្ចព្រមព្រៀងទិញលក់នេះ នឹងបិទបញ្ចប់នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ ហើយក្រុមហ៊ុន ដែលត្រូវបានច្របាច់បញ្ចូលគ្នាខាងលើ នឹងមានយន្តហោះ សម្រាប់ដាក់ជួលរហូតដល់ទៅជាង២.០០០ គ្រឿង ដោយវ៉ាដាច់គូប្រជែង។

ប្រភពបានទម្លាយឱ្យដឹងថា ធនគារCitibank និងធនាគារGoldman Sachs បានផ្ដល់ប្រាក់កម្ចីចំនួន២៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន AerCap សម្រាប់ការទិញយកអាជីវកម្មដ៏ធំមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here