សភាអាមេរិកបានអនុម័តសេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់លោកចូ បៃឌិន

0
Democratic presidential nominee and former Vice President Joe Biden delivers remarks on Covid-19 at The Queen theater on October 23, 2020 in Wilmington, Delaware. (Photo by Angela Weiss / AFP) (Photo by ANGELA WEISS/AFP via Getty Images)

ដោយៈ ខុម

វ៉ាស៊ីនតោនៈ សេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩ ចំនួន ១,៩ ទ្រីលានដុល្លារ របស់ប្រធានាធិបតីចូ បៃឌិន ដែលពិភពលោកទន្ទឹងរង់ចាំមើលយ៉ាងអន្ទះ​សានោះ ត្រូវបានក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក អនុម័តផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃពុធ ទី១០ មីនា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១១ មីនា។

នេះជាកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចមួយ ក្នុងចំណោមកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចធំៗបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយការអនុម័តនេះ គឺជាជោគជ័យដ៏ធំដំបូងបង្អស់របស់លោកចូ បៃឌិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ក្រោយលោកចូលកាន់តំណែង មិនទាន់បាន២ខែស្រួលបួលផងនោះ។

ក្នុងចំណោមទឹកប្រាក់ដ៏ច្រើននេះ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ថវិកាចំនួន៤០០ពាន់លានដុល្លារ សម្រាប់បើកប្រា​ក់ឧបត្ថម្ភផ្ទាល់ចំនួន១.៤០០ដុល្លារ សម្រាប់មនុស្សម្នា​ក់ឱ្យទៅពលរដ្ឋអាមេរិក ភាគច្រើនចំនួន៣៥០ពាន់លានដុល្លារ ឱ្យទៅរដ្ឋបាលថ្នាក់មូល  ដ្ឋាន និងរដ្ឋបាលថ្នាក់រដ្ឋ ការពង្រីកឥណទានពន្ធកុមារ (child tax credit) និងការបង្កើនថវិកាសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ-១៩។

ក្រុមអ្នកវិភាគបានព្យាករថា “កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នឹងជំរុញឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ងើបឡើងវិញកាន់តែលឿន”។

ក្រោយសភាបោះឆ្នោតអនុម័ត លើសេចក្ដីព្រាងច្បាប់នេះ លោក ចូ បៃឌិន បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រថា “ជំនួយមានហើយ”។ សេតវិមានបានបញ្ជាក់ថា “លោក ចូ បៃឌិន គ្រោងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ ឱ្យចេញជាច្បាប់ធរមាននៅថ្ងៃសុក្រ ទី១២ មីនា នេះ”។

ការអនុម័តដោយសំឡេង២២០ ទល់នឹង២១១ សំឡេងនៅក្នុងសភា ដែលគ្រប់គ្រ​ងដោយពួកប្រជាធិបតេយ្យនេះ មិនទទួលបានការគាំទ្រពីពួកសាធារណរដ្ឋ សូម្បីតែមួយសំឡេង ក្រោយការជជែកដេញដោលយ៉ាងក្ដៅគគុក ជាច្រើនសប្ដាហ៍នៅក្នុងសភា។ ពួកប្រជាធិបតេយ្យ បានចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា ជាការឆ្លើយតបដ៏សំខាន់ទៅនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

លោកស្រី Jan Schakowsky សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា “នេះជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មី។ វាជាការចាប់ផ្តើមនៃការបញ្ចប់មហាវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារវីរុសកូវីដ-១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here