តើក្រុមហ៊ុនអចលនទ្រព្យ Keller Williams នឹងដើរតួនាទីដូចម្តេចក្នុងវិស័យអចលនវត្ថុកម្ពុជា?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទីផ្សារអចលនវត្ថុកម្ពុជាបានកើនឡើងនូវការប្រកួតប្រជែង ជាស្វ័យប្រវត្តិ នៅពេលក្រុមហ៊ុនកើតឡើងកាន់តែច្រើន និងការចូលមកដល់នៃក្រុមហ៊ុនអន្តរជាតិនានា​មកកាន់ទីផ្សារដែលទើបរីកចម្រើន តែមានភាពផុយស្រួយនេះ។

ថ្មីៗនេះ លោកបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុន Khmer Real Estate បានទិញMaster Franchise ក្រុមហ៊ុនអចលនទ្រព្យយក្សអាមេរិកមួយមកកាន់ទីផ្សារនេះ ខណៈក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ដូចជា Century21, ERA, CBRE, knight Frank ជាដើមបានចូលមកកាន់ទីផ្សារនេះរួចទៅហើយ។

តើក្រុមហ៊ុនថ្មីនេះចាប់យក និងមានវិធីសាស្រ្តចូលទីផ្សារបែបណា លោកគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងថា Keller Williams Realty គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​ សហរដ្ឋអាមេរិក និង​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​ ២០១៧ គឺ​បាន​រហូត​ដល់​ជាង១០០០​លាន​ដុល្លារ​ និងមាន​ភ្នាក់ងារ​សរុប​ចំនួន១៦៥ ៦៤២ នាក់​ទូទាំង​ពិភពលោក​។

លោកបន្តថា “ខ្ញុំ​បាន​ទៅ​សហរដ្ឋអាមេរិក​ជាច្រើន​លើក ​ដើម្បី​សិក្សា​ពី​សក្តានុពល និង​វិធីសាស្ត្រ​របស់​ក្រុមហ៊ុន ​អចលនទ្រព្យ​ជាច្រើន​នៅ​ទី​នោះ ​សម្រាប់​យក​មក​ជួយ​អភិ​វ ឌ្ឍ​ធនធាន​មនុស្ស និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

លោកគីម ហ៊ាងបានបន្តថា “សម្រាប់​ការទិញ​សិទ្ធិ Master Franchise នេះ​គឺ​ខ្ញុំ​មិន​ត្រឹម​តែ​មាន​បំណង​ក្នុង​ការ​ពង្រីក​ដៃគូ​អាជីវកម្ម​ឲ្យ​ បាន​ទូទាំង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅពេល​ថ្ងៃ​អនាគត​ខ្ញុំ​ក៏​អាច​ពង្រីក​ទៅ​ដល់​ប្រទេស​ជិត​ ខាង​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ”​។

បើតាមលោក គីម ហ៊ាង បានឲ្យដឹងថា សម្រាប់​ការលក់​សិទ្ធិ​បន្ត​ដំណាក់កាល​ដំបូង លោក​នឹង​មិន​លក់​ឲ្យ​ក្រុមហ៊ុន​ច្រើន​នោះ​ទេ ដោយ​ក្នុង​រាជធានី​ភ្នំពេញ​អាច​មាន​ចំនួន​ពី ៣ ទៅ៥។ ចំណែក​តាម​បណ្តា​ខេត្ត​គឺ​ក្នុង១ គឺលោកអនុញ្ញាត្តឲ្យមាន​តែ១ប៉ុណ្ណោះ​។ លក្ខ​ខណ្ឌ​ដែលអាចទិញអាជីវកម្មពីក្រុមហ៊ុននេះបាន គឺជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ប្រក​ប​អាជីវកម្ម​មាន​ បទពិសោធ​ការងារ​ផ្នែក​អចលនទ្រព្យ​យ៉ាង​តិច​ចំនួន៣ឆ្នាំ និង​មាន​បុគ្គលិក​ផ្នែក​លក់​យ៉ាងតិច ២០ នាក់​ឡើង​ទៅ។

អ្វីដែលក្រុមហ៊ុននេះត្រូវធ្វើ ក្នុង​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន លោក គីម ហ៊ាង បានឲ្យដឹងថ Keller Williams Cambodia នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់​ខ្លួន​ជា​រៀងរាល់​ខែ​ហើយ​ នៅក្នុង​ឆ្នាំ​ ២០២២ ខាង​មុខ​ក្រុមហ៊ុន Keller Williams Cambodia គ្រោង​បើក​វិទ្យាស្ថាន​សម្រាប់​បណ្តុះបណ្តាល​ដល់​មនុស្ស​ទូទៅ​ដែល​មាន​បំណង​ សិក្សា​ពី​ជំនាញ​នានា​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ផង​ដែរ ដែល​វិទ្យាស្ថាន​នេះ​មាន​ឈ្មោះ​ថា The Institute of Keller Williams Cambodia​។

លោកបន្តថា “ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម KW នៅ​កម្ពុជា (Regional Operating Principal) របស់​ក្រុមហ៊ុន Keller Williams Cambodia ខ្ញុំ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ហើយ​តាមរយៈ​ នេះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ រីកចម្រើន​ថែម​ទៀត​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here