ក្រុមហ៊ុនអចលនទ្រព្យនៅHollywood បោះទុនពង្រីកស្ទូឌីយោថតកុនតម្លៃ៥០០លានដុល្លាររបស់ខ្លួននៅអង់គ្លេស

0

ដោយៈសុខុម

ក្រុងឡុងដ៍:  ក្រុមហ៊ុនអចលនទ្រព្យ ដែលជួយគាំទ្រដល់ផលិតកម្មភាពយន្ត ហូលីវូដ (Hollywood) ដ៏ល្បីរន្ទឺរបស់សហរដ្ឋអាមេរិក បានប្រកាសថា ពេលនេះខ្លួនកំពុងប្រមូលទុនឱ្យបាន៧០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកគម្រោងស្ទូឌីយោកុនតម្លៃ ៥០០លានដុល្លាររបស់ខ្លួននៅក្រុងឡុងដ៍ ភាគខាងកើតប្រទេសអង់គ្លេស។ នេះបើយោងតាមគេហទំព័រ Cityam ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ មីនា។

ក្រុមហ៊ុន Hackman Capital Partners (HCP) ដែលស្ទូឌីយោរបស់ខ្លួនបានផលិតស្នាដៃខ្សែភាពយន្តជាច្រើន រួមទាំងរឿង Citizen Kane និងរឿង Gone With the Wind ជាដើមខាងលើនេះ បានដំណើរការសាងសង់ស្ទូឌីយោ Eastbrook Studios ជាមជ្ឈ​មណ្ឌលខ្សែភាពយន្ត និងទូរទស្សន៍ថ្មីមួយរបស់ខ្លួន ដែលគ្រោងនឹងបើកដំណើរការនៅតំបន់ Dagenham ក្នុងទីក្រុងឡុងដ៍។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយកាលពីម្សិលមិញថា ខ្លួនបានព្រមព្រៀងជា​មួយក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីជួលឃ្លាំងចំនួន២រយៈពេល១០ឆ្នាំ ហើយនឹងប្រែក្លាយឃ្លាំងទាំងនោះទៅជាស្ទូឌីយោបន្ថែមទៀត។

ការបង្កើនស្ទូឌីយោពីចំនួន១២ ដល់១៨នេះ នឹងធ្វើឱ្យចំនួនសរុបនៃការវិនិយោគលើគម្រោងទាំងមូលឡើង កើនដល់ប្រមាណ៥០០លានដុល្លារអាមេរិក។

តាមការរំពឹងទុក ស្ទូឌីយោទាំងនេះ នឹងបើកនៅទល់មុខស្ទូឌីយោធំ Eastbrook Studios នឹងត្រៀមរួចរាល់សម្រាប់ការថតភាពយន្ត នៅដើមរដូវស្លឹកឈើជ្រុះឆ្នាំនេះ។

គម្រោងពង្រីកបន្ថែម ដែលនឹងក្លាយជាស្ទូឌីយោធំបំផុត នៅទីក្រុងឡុងដ៍ នេះត្រូវបានរំពឹងថានឹងចូលរួមចំណែក ដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានយ៉ាងតិច ក៏ប្រមាណ៥០លានដុល្លារដែរក្នុងមួយឆ្នាំៗ ហើយនឹងជួយបង្កើតការងារបានជាង១.៨០០ កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here