ដោយគង់ សូរិយា
ភ្នំពេញ: សមាគមអចលនទ្រព្យថ្មីមួយបានបង្កើតឡើង ស្របពេលវិស័យនេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងនាំមុខមាត់កម្ពុជាទៅកាន់លំដាប់ថ្មីមួយ ក្រោមការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
សមាគមថ្មីនេះ មានការផ្តល់កិត្តិយសពីលោកជំទាវ ហ៊ុន សេងនី ឈរឈ្មោះជាប្រធានកិត្តិយស លោកស្រី ស៊ ធីតា ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកមាស វាសនាជាអនុប្រធានក្រុមប្រឹក្សាភិបាល។
លោក មាស វាសនា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៧មិថុនានេះថា សមាគមនេះ បានទទួលការអនុញ្ញាត្តពីក្រសួងមហាផ្ទៃរួចហើយ។ សមាគមនេះ ត្រូវបានដាក់ឈ្មោះជា “សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា”។ លោកបន្តថា ការបង្កើតសមាគមនេះឡើង ក្នុងគោលដៅជម្រុញការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ទៅកាន់កម្រិតថ្មីមួយទៀត និងដើរតួនាទីជាសមាគមជាតិ ដែលសហការជាមួយរដ្ឋាភិបាលក្នុងសម្លេងតែមួយ ដើម្បីជម្រុញឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព និងទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិ មកវិនិយោគកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
លោកបន្តថា “សមាគមអ្នកជំនាញអចលនទ្រព្យ នឹងធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុង និងក្រៅតំបន់ ដូចជា ប្រទេសចិន សឹង្ហបុរី កូរ៉េ និងជប៉ុនជាដើម”។ លោកបន្តថា”ជាមួយគ្នានេះ សមាគមនឹងធ្វើការជិតស្និទ្ឋជាមួយ អ្នកវិនិយោគជាតិ អន្តរជាតិនៅកម្ពុជា ក្នុងគោលដៅផ្តល់សុខនីយកម្មក្នុងវិស័យនេះ ក៏ដូចជាផ្តល់នូវកាលានុវត្តន៍ភាពថ្មីមួយ សម្រាប់ប្រទេសកម្ពុជា និងផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ”។
លោក មាស វាសនា បានបន្តថា លើសពីនេះ យើងនឹងធ្វើការជិតស្និទ្ឋជាមួយអ្នកវិនិយោគជាតិ អន្តរជាតិ ជាការផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជាផង និងជាការទាក់ទាញការវិនិយោគ និងពង្រីកការវិនិយោគថ្មីៗផង ខណៈទុនវិនិយោគក្នុងវិស័យនេះមានទំហំទឹកប្រាក់ជាង៦៤០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
លោកបន្តថា លោកជឿជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំដែលសម្រេចបានជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ព្រមទាំងច្បាប់វិនិយោគដ៏ទាក់ទាញ ដែលអនុញ្ញាត្តឲ្យអ្នកវិនិយោគបរទេសកាន់កាប់ភាគហ៊ុន១០០ភាគរយនៅកម្ពុជា នឹងជាកត្តាជម្រុញឲ្យវិស័យនេះ និងកេរ្ត៍ឈ្មោះកម្ពុជានឹងលេចត្រដែតបន្ថែមទៀតនៅក្នុងកម្រិតតំបន់ និងពិភពលោក៕
Cambodia go!!! 👏👏👏👏👏