ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ សាលាបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យអាជីព ក្រោមការរៀបចំដោយក្រុមហ៊ុន Century21 Cambodia និងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្តើមនៅឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា ការបណ្តុះបណ្តាលនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៨ខាងមុខនេះ។ សាលាដែលមានការសហការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង Century21 Cambodia នឹងផ្តោតលើជំនាញភ្នាក់ងារអចលនទ្រព្យ ដើម្បីឲ្យពួកគេអាចប្រឡងយកអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកនាងបន្តថា បន្ទាប់ពីប្រលងជាប់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពួកគេនឹងទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងនេះ មុនពេលពួកគេអាចដើរតួនាទីជាភ្នាក់ងារក្នុងវិស័យនេះបាន។
-->
អ្នកនាងបន្តថា “នៅពេលនិស្សិតបញ្ចប់ការបណ្តុះបណ្តាលពីសាលា និងជំនាញផ្សេងៗ ពួកគេមិនអាចធ្វើការបានល្អក្នុងវិស័យនេះទេ ប្រសិនជាពួកគេមិនបានសិក្សាពីជំនាញនេះ ហេតុនេះទាមទារឲ្យពួកគេទទួលបានការបណ្តុះបណ្តាល និងទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ។ អ្នកនាងបន្ថែមថា “លក្ខខណ្ឌនៃការសិក្សា គឺអ្នកប្រឡងជាប់ថ្នាក់ទី១២និស្សិតបញ្ចប់ការសិក្សាមហា វិទ្យាល័យ និងនាយកក្រុមហ៊ុននានា អាចចូលរៀននៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះបាន។
ទោះជាយ៉ាងណាអ្នកនាង ហ្គ្រេស រចនីហ្វុង មិនទាន់បញ្ជាក់ឲ្យដឹងពីតម្លៃនៃការសិក្សានេះទេ គ្រាន់តែបង្ហើបថាវគ្គសិក្សានេះនឹងមានតម្លៃសមរម្យ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីប្រកាស ដែលនឹងតម្រូវឲ្យភ្នាក់ងារអចលនវត្ថុនានាត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ មុនពេលពួកគេអាចដើរតួនាទីជាភ្នាក់ងារអចលនវត្ថុបាន។
អ្នកនាង ហ្គ្រេស រចនីហ្វុង បានបន្តថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតលើទិដ្ឋភាពច្បាប់ ការរៀបចំនិតិវិធីចុះកុងត្រា ក្រមសីលធម៌វិជ្ជាជីវៈ និងចំណេះដឹងជាច្រើនបន្ថែមទៀត។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodiaបានថ្លែងថា “ចំណេះដឹងក្នុងវិស័យនេះ ជាមូលដ្ឋានគ្រឹះធំបំផុតក្នុងវិស័យនេះ ខណៈពីមុនមកមានការបណ្តុះបណ្តាលជំនាញបែបនេះដែរ ប៉ុន្តែក្នុងរូបភាពមិនសូវច្បាស់លាស់ ប៉ុន្តែពេលនេះការបណ្តុះបណ្តាលមានលក្ខណៈច្បាស់លាស់ ដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តថា ការបណ្តុះបណ្តាលនេះ នឹងធ្វើឡើងដោយគ្រូបណ្តុះបណ្តាលដែលមានជំនាញ ពិតប្រាកដទាំងជាតិ និងអន្តរជាតិ ព្រោះកម្មវិធីបណ្តុះបណ្តាលនេះមានសារៈសំខាន់ទាក់ទងនឹងចំណេះដឹង និងក្រមសីលធម៌របស់អ្នកប្រកបវិជ្ជាជីវៈនៅក្នុងវិស័យនេះ។ លោកបន្តថា “ពេលភ្នាក់ងារអចលនវត្ថុមានសមត្ថភាព ពួកគេនឹងធ្វើឲ្យមានទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ចូលមកក្នុងវិស័យនេះ។
លោក ម៉ី វ៉ាន់ អគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សជារឿងល្អប្រសើរ ព្រោះវិស័យនិមួយៗត្រូវការធនធានមនុស្ស ដើម្បីពង្រឹងការងាររបស់ពួកគេ៕