ដោយៈគង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ និងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួនពីរទៀតនាពេលខាងមុខ។
មានប្រសាសន៍តាមរយៈប្រព័ន្ឋវីដេអូConference ជាមួយក្រុមហ៊ុនជាតិ អន្តរជាតិចំនួន៥០ ដែលស្វែងយល់ពីឳកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា នាព្រឹកថ្ងៃទី៨ មេសានេះលោកស៊ុន ចាន់ថុលបានឲ្យដឹងថា រដ្ឋាភិបាលនឹងរៀបចំលើការវិនិយោគសាងសង់ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទីបួន គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពី ខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម។
កាលពីឆ្នាំមុន លោករដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
លោកបានមានប្រសាសន៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រងនិងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន៣ ស្រុកខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។
លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវ ថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លងទៅ បួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវ បេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។
លោកបន្តថា រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹង ប្រែងកសាងផ្លូវ និងបណ្តាញតភ្ជាប់បន្ថែមទៀត ដែលក្នុងនោះរួមមានគម្រោងជាច្រើនទៀតដូចជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលា នៃការដឹកជញ្ជូនពីខេត្តបៃលិន សំឡូតទៅកាន់កំពង់ផែទឹកជ្រៅខេត្តកោះកុង៕