ដោយគង់ សូរិយា
ភ្នំពេញ: ដំណឹងល្អមកដល់ហើយ សម្រាប់អ្នកមានបំណងសិក្សាលើជំនាញអចលនវត្ថុកម្ពុជា ដោយមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា នឹងចាប់ផ្តើមបើកដំណើរការនៅពេល ឆាប់ៗខាងមុខនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មិថុនានេះថា មជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានទទួលអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ និងចា ប់ផ្តើមបើកដំណើរការបណ្តុះបណ្តាល នៅកំឡុងខែកញ្ញាខាងមុខនេះ។ មជ្ឈមណ្ឌលនេះនឹងបើកនៅក្នុងគំរោងONE Park នៃPhnom Penh City Centerហើយការចុះឈ្មោះចូលរៀន នឹងចាប់ផ្តើមពីនៅកំឡុងខែសីហាខាងមុខនេះ។
លោកបន្តថា“គោលដៅនៃការបើកមជ្ឈមណ្ឌលនេះ ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងវិស័យអចលនវត្ថុកម្ពុជា ព្រោះបច្ចុប្បន្នមានគំរោងជាច្រើនបានកើតឡើង ហើយត្រូវការធនធានមនុស្ស ដែលយើងមិនទាន់បំពេញបាននៅឡើយ”។លោកបន្តថា “ទោះបីជាមានអ្នកជំនាញពីក្រៅប្រទេស មកធ្វើការក៏ដោយ ក៏មិនទាន់បំពេញបាននូវតម្រូវការធនធានមនុស្សក្នុងវិស័យនេះទេ ដោយសារមានគំរោងផ្សារទំនើបធំៗ ខុនដូ និងអាផាតម៉ិនជាច្រើនបាននិងកំពុងសាងសង់”។
លោកឃាង ពុទ្ឋីបានបន្តថា កម្មវិធីសិក្សាកំពុងត្រូវបានរៀបចំឡើង ដោយយើងបានសិក្សាស្រាវជ្រាវ និងដកស្រង់យកកម្មវិធីសិក្សាល្អៗពីជប៉ុន កូរ៉េ សាំងហ្កាពួរជាដើមយកមកច្របាច់បញ្ចូលគ្នា ជាមួយកម្មវិធីដែលយើងបានរៀបចំខ្លួនឯង ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីសិក្សារបស់យើងមានស្តង់ដាអន្តរជាតិ។
លោកបន្តថា ដោយសារសាលានេះបង្កើតដោយអ្នកជំនាញអចលនវត្ថុក្នុងស្រុក គ្រូបង្រៀនភាគច្រើននឹងជាគ្រូខ្មែរ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ និងជាអ្នកកំពុងអនុវត្តន៍ការងារផ្ទាល់ និងគ្រូបរទេសដែលមានបទពិសោធន៍ខ្ពស់។
ជាមួយនឹងកម្មវិធីបណ្តុះបណ្តាល ដែលបាននិងកំពុងរៀបចំយ៉ាងសម្រិតសម្រាំង លោកឃាង ពុទ្ឋីបានអះអាងថា តម្លៃសិក្សាក្នុងការសិក្សានេះ នឹងមានភាពស្រម្យ និងមានអាហារូបករណ៍សម្រាប់សិស្សានុសិស្សក្រីក្រ ដែលមានបំណងចង់សិក្សា តាមរយៈការសហការជាមួយអ្នកអភិវឌ្ឍន៍នានា ដើម្បីផ្តល់អាហារូបករណ៍នេះ។
កម្មវិធីសិក្សានៅមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា នឹងមានរយៈពេលចាប់ពី១សប្តាហ៍ ដល់មួយខែ អាស្រ័យលើជំនាញនិមួយៗ នៃកម្មវិធីសិក្សាជាក់ស្តែង។
លោកឃាង ពុទ្ឋីបានបន្តថា លោកហ៊ានអះអាងថា និស្សិតឬសិក្ខាកាមដែលបញ្ចប់ការសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ នឹងទទួលបានការងារធ្វើពិតប្រាកដ ដោយសាររហូតមកទល់ពេលនេះ តម្រូវការធនធានមនុស្សក្នុងវិស័យនេះកំពុងកើនឡើងជាប្រចាំ៕