ដោយៈលក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលដ៏ពិបាកយ៉ាងណាក្ដី តែកម្ពុជានៅតែទទួលបានចំណូលពីពន្ធដារ និងពន្ធគយដដែលជាក់ស្ដែងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ ចំណូលពន្ធដារមានជាង១ពាន់លានដុល្លារអាមេរិក និងពន្ធគយជា៦០០លានដុល្លារអាមេរិកនេះ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងសារពិសេស កាលពីព្រឹកថ្ងៃទី ១០ មេសា ២០២១នេះឲ្យដឹងថា កម្ពុជានៅតែមានទុនបម្រុង សម្រាប់ប្រើប្រាស់ហើយថវិកាបម្រុងរបស់កម្ពុជា ដែលមានបច្ចុប្បន្ននេះ អាចបើកប្រាក់ខែជូនមន្ត្រីរាជការបានបីឆ្នាំទៀត មិនមែនរដ្ឋាភិបាលកម្ពុជាអត់មានថវិកានោះទេ ។សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថា គ្រាន់តែខែមីនាកន្លងទៅចំណូលពីពន្ធដារបានទទួលចំនួនរហូតដល់ជាង៦០០លានដុល្លារអាមេរិក ហើយចំណូលថវិកាពីពន្ធគយជាង២០០លាន ដូច្នេះវាមានចំនួន៨០០លានដុល្លារក្នុងរយៈពេលមួយខែនៃខែមីនា។
កាលពីឆ្នាំ២០២០កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញចំណូល ដែលពន្ធដារប្រមូលបានគឺមានទំហំច្រើន ជាងកាលពីឆ្នាំ២០១៩ដែលជាពេលវេលាមុនមានវិបត្តិទៅទៀត។
ការកើនឡើងនៃចំណូលនេះ គឺបានធ្វើឱ្យមានភ្ញាក់ផ្អើលមិននឹកស្មានថា ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី តែពន្ធដារនៅតែទទួលបានចំណូលខ្ពស់ ជាងការគ្រោងទុកទៅទៀត ។ ថ្មីៗនេះដែររដ្ឋាភិបាលបានចេញអនុក្រឹត្យមួយទៀត ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងធ្វើឱ្យកម្ពុជាអាចទទួលចំណូលពីវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕