ក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិន ចាប់ផ្តើមសម្លឹងឃើញកាលានុវត្តន៍ភាពនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់ចិន នៃក្រុមហ៊ុន China Railway 19th Bureau Group បានចាប់ផ្តើមមើលឃើញកាលានុវត្តន៍ភាពនៅកម្ពុជា ដោយបាន​បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យគមនាមន៍ ជាពិសេសផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនេះ ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។

លោក Gong Jiangang នាយកចាត់ចែងក្រុមហ៊ុន China Railway 19th Bureau Group របស់ចិនបានថ្លែងក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២១ មិថុនាកន្លងមកថា ក្រុមហ៊ុន China Railway 19th Bureau Group ដែលមានឯកទេសផ្នែកវិស័យវិស្វកម្ម និងសំណង់ខ្នាតធំ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការសាងសង់ផ្លូវដែក និងសំណង់ធារាសាស្ត្រ នៅតាមប្រទេសក្នុងទ្វីបអាហ្វ្រិក និងអាស៊ាន។

លោកបន្តថា “កម្ពុជាគឺជាទីផ្សារសំខាន់មួយ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ”។

លោកប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន China Railway 19th Bureau Group និងបានជម្រាបជូន លោក គ័ង ជានកាង អំពីស្ថានភាពវិស័យគមនាគមន៍នៅកម្ពុជា និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូ​នក្នុងនោះក៏មានផ្លូវដែក និងផ្លូវល្បឿនលឿនផងដែរ ហើយនេះគឺជាឱកាសល្អសម្រាប់ក្រុមហ៊ុន ក្នុងការហក់ចូលទីផ្សារកម្ពុជា។

លោករដ្ឋមន្រ្តីបានស្នើលោក គ័ង ជានកាង បញ្ជូនក្រុមការងារ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវដែក និងផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាឲ្យបានច្បាស់លាស់ ដើម្បីចងក្រងរបាយការណ៍ និងដាក់សំណើវិនិយោគជាផ្លូវការជូនរាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា។

នៅក្នុងប្រទេសកម្ពុជា វិស័យគមនាមន៍ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បណ្តាញគមនាមន៍ជាច្រើន កំពុងត្រូវបានស្ថាបនា ជួសជុល និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវផ្លូវដែកដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ទៅកាន់ទីក្រុងបាងកកនៃប្រ​ទេ​សថៃ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងព្រះសីហនុថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here