ទឹកប្រាក់ជិត ៤០ពាន់លានដុល្លារបានចាក់ចូលក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ ទឹកប្រាក់ជិត៤០ពាន់លានដុល្លារត្រូវបានចាក់ចូលក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ដែលបានធ្វើឲ្យមុខមាត់កម្ពុជាឈានទៅលំដាប់ថ្មីមួយ ពិសេសក្រុងភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រសួងបានអនុញ្ញាត្តិផ្តល់លិខិត​សាងសង់ វិស័យសំណង់នៅទូទាំងប្រទេស​ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ចំនួន៣៩៩០៣គម្រោង  មានផ្ទៃក្រឡាសរុបជាង១០២លានម៉ែត្រក្រឡា និងមានទំហំទុនវិនិយោគជាង៣៧,៧៧១លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ដោយឡែកទុនវិនិយោគក្នុងវិស័​យសំណង់ ក្នុងដំណាច់ឆ្នាំ២០១៧នេះ មានទឹកប្រាក់៦៤២៨លានដុល្លារ មានគំ​រោងសរុបចំនួន៣០៥២គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង១០លានម៉ែត្រ​ការ៉េ ខណៈឆ្នាំមុនក្រសួងបានអនុម័តគំរោង២៤០៥ មានផ្ទៃក្រឡាសំណង់ជាង​១១លានម៉ែត្រការ៉េ និងទឹកប្រាក់វិនិយោគជាង៥២៤៦លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាចំនួន​ប្រមាណ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយមិនទាន់រាប់បញ្ចូលពលករជំនាញបរទេ​សនៅឡើយ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់បានដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារដល់ប្រជាពលរដ្ឋ ធ្វើឲ្យគុណភាពជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ពិសេសជួយលើកកំពស់​មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដោយសារគំរោងវិនិយោគធំៗនៅកម្ពុជាភា គច្រើនបានយកទៅដាក់លក់នៅបរទេស។

អ្នកនាងបន្តថា “ជាមួយការការជំរុញឲ្យគុណភាពជីវិតប្រសើរឡើង ខ្ញុំគិតថាវិស័យនេះក៏ជួយក្នុងការអភិវឌ្ឍន៍សង្គម និងហេដ្ឋារចនាសម្ព័ន្ឋនានាផងដែរ”។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingលោកង៉ែត ជូបានថ្លែងថា វិស័យនេះបានផ្តល់ផលប្រយោជន៍ច្រើន​ដល់សេដ្ឋកិច្ចជាតិ ពិសេសផ្តល់ការងារដល់ប្រជាពលរដ្ឋ ប៉ុន្តែកម្ពុជាក៏បានបាត់​បង់ផលប្រយោជន៍ច្រើន ពីកំនើននៃការវិនិយោគក្នុងវិស័យនេះផងដែរ ដោយសា​រកម្ពុជា បាននាំចូលវត្ថុធាតុដើមភាគច្រើនពីបរទេស ដែលធ្វើឲ្យតម្លៃបន្ថែមក្នុងវិស័យ​នេះបានបាត់បង់។

លោកបន្តថា “ប្រសិនជាគណនាផលទុនជាតិសរុប ក៏មានការរួមបញ្ចួល​នូវទុនវិនិយោគពីបរទេសផ្ទាល់ផងដែរ ដែលវិស័យសំណង់បានចូលរួមជំរុញកំ​នើនសេដ្ឋកិច្ច និងសង្គម ហើយដើម្បីកាត់បន្ថយការបាត់បង់ផលប្រយោជន៍ក្នុង​វិស័យនេះ ទាមទារឲ្យមានការវិនិយោគវត្ថុធាតុដើមក្នុងប្រទេសឲ្យបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here