អូស្រ្តាលីនិងនូវែលហ្សេឡង់បើកជើងហោះហើរឡើងវិញលើកដំបូងសម្រាប់អ្នកដំណើរដោយគ្មានការធ្វើចត្តាឡីស័ក

0

ដោយៈ ប៊ី

ស៊ីដនីៈ អ្នកដំណើររាប់រយនាក់មកពីប្រទេសអូស្រ្តាលីបានចាប់ផ្តើមមកដល់អាកាសយានដ្ឋាននូវែលហ្សេឡង់នៅពីថ្ងៃចន្ទនេះ បន្ទាប់ពីអាជ្ញាធរបានបើកព្រំដែនឡើងវិញ ដែលជាព្រឹត្តិការណ៍អស្ចារ្យមួយដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ទោះបីជារដ្ឋអូស្រ្តាលីភាគច្រើនបានអនុញ្ញាតឱ្យប្រជាជននូវែលហ្សេឡង់ធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់តាំងពីចុងឆ្នាំមុនក៏ដោយ ក៏ប្រទេសនូវែលហ្សេឡង់បានអនុវត្តការធ្វើចត្តាឡីស័កសម្រាប់ការមកដល់របស់អ្នកធ្វើដំណើរពីតំបន់ផ្សេងៗ ដោយលើកឡើងពីការព្រួយបារម្ភអំពីការផ្ទុះឡើងជំងឺកូវីដ១៩។

រូបភាពតាមរយៈទូរទស្សន៍បានបង្ហាញពីសកម្មភាពដ៏រំភើបអារម្មណ៍នៅព្រលានយន្តហោះ ដោយក្រុមគ្រួសារជួបជុំគ្នា និងអ្នកដំណើរជាច្រើននៅតាមស្ថានីយចេញដំណើរនៅឯអាកាសយានដ្ឋានអូស្ត្រាលី។

នាយកប្រតិបត្តិ Qantas លោក Alan Joyce បានប្រាប់ដល់វិទ្យុអូស្រ្តាលីថា “នេះជាលើកទីមួយក្នុងរយៈពេល ៤០០ថ្ងៃ ដែលមនុស្សអាចធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក ហើយយើងកំពុងបន្ថែមជើងហោះហើរចំនួន១៦ជើងក្នុងមួយថ្ងៃទៅកាន់ប្រទេសនូវែលហ្សេឡង់ ហើយជើងហោះហើរទាំងត្រូវបានកកពេញហើយ”។

ក្រុមហ៊ុនអាកាសចរណ៍ Qantas នឹងបង្កើនការហោះហើររវាងប្រទេសរហូតដល់ប្រមាណ២០០ជើង ក្នុងមួយសប្តាហ៍ខ ណៈក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បាននិយាយថា ខ្លួនបានបង្កើនការហោះហើរកើនឡើងដល់៣០ជើង នៅថ្ងៃចន្ទនេះ ដោយយន្ដហោះរបស់ខ្លួនហោះហើរចូលទៅប្រទេសនូវែលហ្សេឡង់៩៧ភាគរយត្រូវបានកក។

លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី និងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការបើកព្រំដែន នឹងជួយជំរុញការស្តារសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ និងមនុស្សរាប់ពាន់នាក់នឹងជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

លោក Ardern មានប្រសាសន៍ថា “វាពិតជាគួរឱ្យរំភើបណាស់ក្នុងការចាប់ផ្តើមការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័កជាមួយអូស្ត្រាលី។ ការជួបជុំក្រុមគ្រួសារ មិត្តភ័ក្ត្រ រឺអ្នកទេសចរចាប់ផ្តើមវិលត្រឡប់មកវិញហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here