សម្តេតេជោបានលើកឡើងពីភាពដឹកនាំសកលរបស់មហាមិត្តចិន

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានវាយតម្លៃខ្ពស់លើភាពជាអ្នកដឹកនាំសកលរបស់ចិន និងគំនិតផលប្រយោជន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១របស់ចិន។

ក្នុងសុន្ទរកថាបើកវេទិកាបូអៅសម្រាប់អាស៊ី ដែលរៀបចំដោយប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន។

សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២,៨លានដូសដល់កម្ពុជា។

វេទិកាបូអាវសម្រាប់អាស៊ីខួបទី២០ឆ្នាំ ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅក្នុងប្រទេសចិន។ ការបើកវេទិកានេះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក ដែលរួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ការបើកវេទិកានេះ មិនអាចប្រព្រឹត្តទៅដោយអធឹកអធ​មដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ ដោយត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះ។

វេទិកាបូអាវសម្រាប់អាស៊ី (BFA) ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនរកប្រាក់ចំណេញ ស្ថិតក្នុងប្រទេសចិន និងជាវេទិកាបូអាវសម្រាប់អាស៊ីដ៏ល្បីល្បាញ និងសំខាន់បំផុតសម្រាប់អ្នកដឹកនាំ មកពីរដ្ឋាភិបាលធុរកិច្ច និងសាកលវិទ្យាល័យ នៅទ្វីបអាស៊ី និងទ្វីបដទៃទៀតដើម្បីចែករំលែកចក្ខុវិស័យ ស្តីពីបញ្ហាចំបងនៅក្នុងតំបន់ ដែលមានសក្តានុពលជុំវិញពិភពលោក។

នៅឆ្នាំ២០២១នេះ វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះខួបគម្រប់ ២០ឆ្នាំនៃការបង្កើតវេទិកានេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា រយៈពេល២០ឆ្នាំកន្លងមក វេទិកានេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ, សេដ្ឋកិច្ច-សង្គម, វប្បធម៌ និងបរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here