ដោយ គង់ សូរិយា
ភ្នំពេញ៖ សណ្ឋាគារនិងអាផាតម៉ិនថ្មីមួយ ក្រោមការបោះទុនវិនិយោគតម្លៃជាង៤លានដុល្លារ ដែលវិនិយោគដោយពាណិជ្ជករក្នុងស្រុកបានបើកដំណើរការ ទន្ទឹមនឹងកំនើននៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។
កញ្ញា ជិន ឈុនធីធី អ្នកវិនិយោគសណ្ឋាគារនេះបានមានប្រសាសន៍ ក្នុងពិធីសម្ភោធសណ្ឋាគាររបស់ខ្លួនកាលពីចុងសប្តាហ៍មុនថា សណ្ឋាគារនេះមានទីតាំង នៅខណ្ឌដូនពេញ និងបាននិងកំពុងរួមចំណែកច្រើនដល់កម្ពុជា ទាំងសេវាកម្មសណ្ឋាគា ទាំងកំលាំងពលកម្ម កាត់បន្ថយចំណាកស្រុក និងមានអត្តប្រយោជន៍ច្រើនទៀត។ សណ្ឋាគាថ្មី Le Castle River Hotel & Apartment បានចំណាយថវិកាសាងសង់ប្រមាណជាង៤លានដុល្លារសហរដ្ឋអាមេរិក និងមានបន្ទប់ជិត៩០បន្ទប់ និងបានផ្តល់ឱកាសការងារដល់បុគ្គលិកជិត១០០នាក់ ហើយការបើកមុខសណ្ឋាគាថ្មីយ៉ាងល្អប្រណីតនេះ បានបង្ហាញកាន់តែច្បាស់ពីភាពរីកចម្រើនសុខសន្តិភាព ដែលមាននៅកម្ពុជា។
លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ចបាន បានជំរុញដល់ម្ចាស់ផ្ទះសំណាក់ &សណ្ឋាគាទាំងអស់ ត្រូវយកចិត្តទុកដាក់ តម្លៃសមរម្យ គុណភាព គោរពទៅតាមច្បាប់ ដែលបានកំណត់នៃការបង្កើតនៃសណ្ឋាគារ និងបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋ ហើយកបានសរបញ្ជាក់ពីសុខសន្តិភាព និងការដឹកនាំប្រទេសប្រកបដោយភាពរីកចម្រើនគ្រប់ទម្រង់ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានថ្លែងថា វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ពិសេសសណ្ឋាគារចាប់ពីកម្រិតផ្កាយបួនឡើង មានគុណភាពល្អប្រសើរ និងមានភាពល្បីល្បាញនៅក្នុងតំបន់ ដោយសារសណ្ឋាគារនៅកម្ពុជាមានសេវាកម្មល្អប្រសើរ និងមានគុណភាពល្អជាងបណ្តាប្រទេសមួយចំនួនផងដែរ។លោកស្រីបន្តថា ទន្ទឹមនឹងភាពប្រកួតប្រជែងកើនឡើង បានធ្វើឲ្យអ្នកវិនិយោគសណ្ឋាគារកាន់តែពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោកស្រីបន្តថា“នៅពេលមានការប្រកួតប្រជែងកើនឡើង មានន័យថាមានភាពរីកចម្រើនក្នុងវិស័យនេះ ហេតុនេះ ការប្រកួតប្រជែង ជារឿងធម្មតានៅក្នុងយន្តការទីផ្សារសេរី”៕