ក្រសួងពាណិជ្ជកម្មដាក់គោលដៅ៨ទីតាំង ដើម្បីលក់គ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋក្នុងតំបន់ក្រហម

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានបង្ហាញតំបន់គោលដៅសំខាន់ៗចំនួន៨ទីតាំង ដើម្បីតម្លើងស្តង់ដាក់លក់គ្រឿងឧបភោគ បរិភោគជូនប្រជាជនក្នុងតំបន់ក្រហម ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា គោលដៅតម្លើងស្តង់ដាក់លក់គ្រឿង ឧបភោគ បរិភោគជូនប្រជាជនក្នុងតំបន់ក្រហមទាំង៨ទីតាំង រួមមាន១.មុខសាកលវិទ្យាល័យ CUS ផ្លូវស្ទឹងមានជ័យ ២.ទល់មុខស្ថានីយប្រេង PTT លើផ្លូវស្ទឹងមានជ័យ ៣.ទល់មុខកងរាជអាវុធហត្ថក្រុងជិតច្រមុះជ្រូក ស្ទឹងមានជ័យ, ៤.ទល់មុខផ្សារ ខេ ម៉ល ផ្លូវវេងស្រេង ៥.មុខធនាគារកាណាឌីយ៉ា ផ្លូវវេងស្រេង ៦.ទល់មុខរោងចក្រហុងដារកម្ពុជា ផ្លូវវេងស្រេង ៧.ទល់មុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង និង៨.កែងស្តុបបឹងសាឡាង។

លោកឲ្យដឹងទៀតថា “គិតមកដល់ពេលនេះរយៈពេល១សប្តាហ៍ហើយ ដែលរថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុបចំនួន៦១០បាវ មីជាតិចំនួន ៣២៣៥កេស, ទឹកត្រីចំនួន៧៤៩យួរ ទឹកស៊ីអ៊ីវចំនួន៤៦៦យួរ ត្រីខចំនួន៧៤៧យួរ និងទឹកសុទ្ធចំនួន១០២យួរ”។

កាលពីថ្ងៃម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មបានប្រកាស ដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញ របស់ក្រសួងពាណិជ្ជកម្មសម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ និងដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡា shop.moc.gov.kh ឬតាមរយៈ QR Code។

ទាក់ទងការបង្កើតទីផ្សារអនឡាញនេះ លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “គោលបំណងដែលយើង ចង់បានកិច្ចសហការពីផ្សារ ដើម្បីធ្វើការជាមួយក្រសួង គឺយើងចង់បានបន្លែបន្លុក ត្រីសាច់មួយចំនួនដែលអាចផ្គត់ផ្គង់ជូនទៅដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ក្រហម ពីព្រោះមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្មយើងមានទំនិញយុទ្ធសាស្រ្ត សំខាន់ប្រមាណ៥-៦មុខ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ជាមួយត្រីខកំប៉ុង ហើយយើងរកបានមក ទៀតហើយ គឺឆៃប៉ូវ។

លោកបន្តថា ប៉ុន្តែក្រៅពីរបស់ទាំងអស់ នឹងយើងចង់ស្ពៃ ត្រសក់ ល្ហុង ពោត លក់ជូនគាត់ទៀត ដូច្នេះក្រសួងខិតខំស្វះស្វែងរកទំនិញប្រភេទ នឹងផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ក្រហម។ អញ្ចឹងយើងក្រឡេកឃើញថានៅតាមផ្សារ ដែលគាត់មានរបស់នឹង បានជាយើងលើកសំណើរទៅគាត់ ដើម្បីលៃលកយ៉ាងណាយើងបន្ថែមមុខទំនិញទៅលើវេបសាយ ទៅលើប្រព័ន្ធអនឡាញរបស់ក្រសួង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here