ដោយៈ ប៊ី
ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ដាក់ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ដើម្បីផ្សាភ្ជាប់ពលរដ្ឋ នឹងសេវាសាធារណៈក្រុងនៅក្នុងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
កម្មវិធី “ពិដោរអ្នកភូមិឆ្លាតវៃ”ជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR) ហើយក៏ជាឧបករណ៍ជជែកតាមហ្វេសប៊ុក (Facebook based chatbot) ដែលផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជា អំពីសេវាសាធារណៈនៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះដោយ គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ឧបករណ៍នេះ នឹងផ្សាភ្ជាប់ប្រជាពលរដ្ឋទៅនឹងសេវានានា ដែលផ្តល់ដោយការិយាល័យច្រកចេញចូល តែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ស្រដៀងគ្នា ដែលបានដាក់ឱ្យប្រើប្រាស់នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានថ្លែងថា សមត្ថភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសាធារណៈសំខាន់ៗ គឺជាផ្នែកសំខាន់មួយរបស់រដ្ឋាភិបាលដែលបើកចំហ និងមានគណនេយ្យភាព។
-->
លោកបានថ្លែងបន្តថា “យើងចែករំលែកគោលការណ៍ និងគុណតម្លៃទាំងនេះ ដែលបង្កើតឱ្យមានការជឿទុកចិត្តរវាងពលរដ្ឋ និងអាជ្ញាធរ។ ការជឿទុកចិត្តនេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់សង្គម ដែលមានផលិតភាពខ្ពស់ និងរីកចម្រើនផងដែរ”។
ឧបករណ៍បច្ចេកវិទ្យា OW4C ធ្វើឱ្យការទទួលបានព័ត៌មានមានលក្ខណៈសាមញ្ញ។ ពិដោរ អាចផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីជជែកតាមហ្វេសប៊ុក (Facebook chatbot) ឬការហៅទូរស័ព្ទដូចជា ១. ការទទួលបានព័ត៌មានស្តីពីដំណើរការដាក់ពាក្យស្នើសុំ លម្អិតពីឯកសារដែលត្រូវការ ថ្លៃសេវា និងបទដ្ឋានរយៈពេលនៃការប្រគល់ត្រលប់មកវិញ។
ទី២ ជាយន្តការមានសុវត្ថិភាពមួយ សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់យោបល់អំពីគុណភាពសេវាកម្ម ដែលពួកគេបានទទួលនៅការិយាល័យច្រកចេញចូលតែមួយ។
លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ការទទួលបានព័ត៌មានគួរឱ្យទុកចិត្ត អំពីសេវាទាំងនេះបានទាន់ពេលវេលានៅការិយាល័យច្រកចេញចូលតែមួយ នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានគណនេយ្យភាពចំពោះលទ្ធផលសេវាសាធារណៈ។

ការដាក់ឱ្យប្រើប្រាស់ឧបករណ៍របស់គម្រោង OW4C នៅខេត្តបន្ទាយមានជ័យ គឺជាការកសាងឡើង បន្ថែមលើជោគជ័យនៃគម្រោងនេះ ដែលបានបង្កើតសមិទ្ធផលដ៏វិជ្ជមាននៅខេត្តបាត់ដំបងនាពេលកន្លងមក ហើយកាលពីខែសីហា ឆ្នាំ២០២០ ការសាកល្បងកម្មវិធី “ពិដោរអ្នកភូមិឆ្លាតវៃ” នៅខេត្តបាត់ដំបងមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង៤,០០០នាក់ បានទទួលព័ត៌មានអំពីសេវាជាង៥,៥០០ដង។
ឧបករណ៍ទាំងនេះ បង្ហាញនូវភស្តុតាងប្រកបដោយប្រសិទ្ធភាព នៃការបង្កើនទំនាក់ទំនង បែបស្ថាបនារវាងប្រជាជននិងមន្រ្តី អំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះ។
ក្រុមហ៊ុន Nickol Global Solutions គ្រប់គ្រងគម្រោងច្រកចេញចូលតែមួយ សម្រាប់ពលរដ្ឋ ដោយសហការជាមួយដៃគូរបស់ខ្លួនគឺ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការ InSTEDD I-Lab អាស៊ីអាគ្នេយ៍៕