ដោយៈ ប៊ី
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ទោះបីក្រុមហ៊ុន KrisEnergy ជួបញ្ហាហិរញ្ញវត្ថុ (បំណុល) ការបូមប្រេងរបស់ក្រុមហ៊ុននេះនៅបន្ដដំណើរការជាធម្មតាក្នុងប្លុកA តំបន់អប្សរា លើដែនសមុទ្រកម្ពុជា។
លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងប្រាប់អ្នកសារព័ត៌ មាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា អាជ្ញាធរមិនទាន់បានរបាយការណ៍ណាមួយ ពីក្រុមហ៊ុន KrisEnergy ជុំវិញបញ្ហាបំណុលនេះនៅឡើយ ហើយអាជ្ញាធរនៅតែតម្រូវឲ្យក្រុមហ៊ុន ធ្វើទៅតាមកិច្ចព្រមព្រៀង។
លោកបានឱ្យដឹងថា “យើងរង់ចាំមើលការជូនដំណឹង ពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះ អ្វីដែលក្រុមហ៊ុនត្រូវបំពេញយើង នឹងទារឱ្យគាត់ផ្តល់ឲ្យតាមកិច្ចព្រមព្រៀង”។
លោកជៀប សួរបានបន្តថា “ដំណើរការបូមប្រេង របស់ក្រុមហ៊ុន KrisEnergy ប្លុក A ក្នុងខេត្តព្រះសីហនុ នៅតែបន្ដដំណើរការធម្មតា។ ទាក់ទងរឿងកំណែទម្រង់រចនាសម្ព័ន្ធបំណុលរបស់ក្រុមហ៊ុន យើងគ្រាន់តែឃើញព័ត៌មានផ្សព្វផ្សាយ ប៉ុន្ដែទាក់ទងនឹងគម្រោងជាក់ស្ដែង ក្រុមហ៊ុន KrisEnergy នៅតែបំពេញការងារជាធម្មតា ដំណើរការធម្មតានៅឡើយ”។
អណ្តូងចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញ ប៉ុន្តែបិរមាណដែលទទួលបាន គឺមិនដូចការរំពឹងទុក។ ការរំពឹងទុកអណ្តូងទាំង៥ នេះរំពឹងថា ទទួលបានប្រេងឆៅ ក្នុងបិរមាណ៧៥០០បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែងបានត្រឹមតែជាង២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។
ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលនេះសមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕