ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្លង់ពង្រាងទីក្រុងនាគរាជសម្តេចតេជោ តម្លៃ៨០ពាន់លានដុល្លារបានចាប់ផ្តើមគូរបណ្តើរៗហើយ ខណៈក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងចាប់អារម្មណ៍លើទីក្រុងរណបដ៏ធំ ដែលស្ថិតនៅលើផ្ទៃដីជាង៣ម៉ឺនហិកតា។
ទីក្រុងរណបដ៏ធំនេះ ស្ថិតនៅប្រជុំទន្លេសាប និងទន្លេមេគង្គ ឬស្ថិតនៅភាគខាងជើងក្រុងភ្នំពេញ ដែលគ្រោងសាងសង់ឡើងជាទីក្រុងថ្មីមួយ បន្ទាប់ពីរយៈពេល៥៨០ឆ្នាំកន្លងមកនេះ កម្ពុជាមិនទាន់បានសាងសង់ទីក្រុងថ្មីនៅឡើយទេ។
លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសូងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលមានសញ្ញាបត្រស្មើគ្នានឹងលោកសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណនិងមានស្នាដៃគូប្លង់ស្ថាបត្យកម្មក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកគូរប្លង់អាគារសន្តិភាពជាដើមនោះ បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា សម្តេចតេជោបានអនុញ្ញាត្តឲ្យលោកសិក្សាលើគំរោងទីក្រុងរណបដ៏ធំនេះហើយ ប៉ុន្តែមិនទាន់មានការអនុម័តនៅឡើយទេ ដោយសម្តេចឲ្យលោកសិក្សាជាមួយអ្នកជំនាញ ដើម្បីអាចរៀបចំទីក្រុងនេះនាពេលអនាគត។
លោកបន្តថា “ទីក្រុងរណបដ៏ធំនេះ ទាមទារការចូលរួមពីវិស័យឯកជន ពិសេសប្រទេសចិន ទើបយើងអាចសាងសង់បាន ដោយសារថវិការបស់រដ្ឋាភិបាលនៅមានកម្រិត”។លោកបន្តថា “ទីក្រុងនេះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ មានកំពង់ផែធំមួយ មានព្រលានយន្តហោះ និងមានគំរោងសាងសង់អាគារដែលមានកំពស់៦០០ម៉ែត្រ”។
លោកសាស្រ្តាចារ្យបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ នឹងមានផ្លូវទឹក ផ្លូវគោក ផ្លូវរថភ្លើងអាកាស និងផ្លូវក្រោមដី ដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរហូតដល់៥០០ឆ្នាំ។ លោកបន្តថា ទីក្រុងភ្នំពេញរបស់យើងមានភាពចង្អៀត ហេដ្ឋារចនាសម្ព័ន្ឋតូច ពិបាកពង្រីក ហេតុនេះគួរដល់ពេលយើងសាងសង់ទីក្រុងថ្មីហើយ ដើម្បីឆ្លើយតបកំនើនប្រជាសាស្រ្ត នគរូបនីយកម្ម និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។
លោកបន្តថា “ខ្ញុំរំពឹងថាមហាមិត្តចិន នឹងជួយសម្តេចតេជោដើម្បីកសាងទីក្រុងនេះ ព្រោះសម្តេចតេជោជាមហាមិត្ត និងជាមិត្តចិត្តដែកជាមួយចិន អនុវត្តន៍គោលនយោបាយចិនតែមួយ និងតែងតែគាំទ្រចិនគ្រប់វេទិកាអន្តរជាតិនានា”៕