រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមគឺធ្វើឡើងតាមសន្ទស្សន៍ថ្លៃទំនិញប្រចាំថ្ងៃ

0

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (តំបន់ក្រហម) គឺធ្វើឡើងតាមសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងក្រោមការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំ ។

លោកមានប្រសាសន៍បន្តថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប. ដោយក្រសួងបានចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្តដល់ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការ ឱ្យបានទាន់ពេលវេលា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here