ដោយ រ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមក ទីបំផុតស្ពានអាកាសចោមចៅ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ2018ស្អែកនេះហើយ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោម៉េត មាសភ័ក្តីបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិថុនានេះថា មកទល់បច្ចុប្បន្នការពិភាក្សាររវាងអាជ្ញាធររាជធានី រួមនិងមន្រ្តីជំនាញពាក់ព័ន្ឋផ្សេងៗ ចំពោះការសាងសង់សស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានឈានដល់ទីបញ្ចប់ហើយទាំងស្រុងហើយ ទាំងគម្រោងប្លង់សាងសង់ បចេ្ចកទេស និងថវិកាដោយគ្រាន់តែពេលវេលាមកដល់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់មកដល់តែប៉ុណ្ណោះ។
លោកបន្តថា “អាកាសចោមចៅនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗ នាពេលកន្លងមកក៍ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញ ចេញចូលក្នុងនិងក្រៅប្រទេស”។លោកបញ្ជាក់ថា «ស្ពាននេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជាផ្លូវដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឱ្យវិនិយោគិន អាជីវករ និងប្រជាពលរដ្ឋទូទៅ ទទួបាលផលចំណេញចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ តែថែមទាំងចំណេញថវិកាក្នុងការចំណាយចាក់សាំងរថយន្ត និងម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋផងដែរ»។
លោកម៉េត មាសភ័ក្តីបានបន្តថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានដាក់មន្រ្តីនគរបាលចរាចរណ៍ ទៅសម្រួលទីតាំងខាងលើជាបន្តបន្ទាប់ ប៉ុន្តែទោះជាដូច្នេះក៏ដោយ គេនៅតែមិនអាចទប់ស្កាត់ការកកស្ទះបាន ដែលជាហេតុធ្វើឱ្យសាលារាជធានីភ្នំពេញចំណាយថវិកា ត្រៀមសាងសង់ស្ពាននេះឡើង ឱ្យបានឆាប់តាមកាលដែលអាចធ្វើទៅបាន។ ក្រៅតែពីការសាងសង់ស្ពានអាកាសខាងលើ បច្ចុប្បន្នមន្ទីរសាធារណៈការនិងដឹកជញ្ជូភ្នំពេញ ក៏បានកំពុងជួលជុលសាងសង់ពង្រីកផ្លូវជាតិលេខ4 ឱ្យមានទំហុំកាន់តែធំឡើងៗ ដោយមានការចាក់បេតុង និងក្រាលកៅស៊ូពង្រីកផ្លូវកាន់តែធំទូលាយ សម្រួលដល់ការធ្វើដំណើរទៅមក និងដាក់លូបង្ហូរទឹកចេញកុំឱ្យភ្លៀងលិចផ្លូវដូចឆ្នាំកន្លងៗមកទៀត។
គម្រោងនេះត្រូវបានសាទរដោយប្រជាពលរដ្ឋ អាជីវករ អ្នករកស៊ីលើវិស័យដឹកជញ្ជូនរួមទាំងអ្នករត់តាក់ស៊ី អ្នកបើកបរម៉ូតូឌុប ម៉ូតូកង់បីជាដើម ដែលអាចជួយសម្រួលដល់ការធ្វើដំណើរបានលឿន និងមិនសូវកកស្ទះមិនលិចទឹក ដែលធ្វើឱ្យគាត់មិនសូវចំណាយលុយច្រើន ក្នុងការចាក់ប្រេងសាំងរថយន្តឬម៉ូតូដូចកាលពីមុនៗទៀត៕