ដោយៈម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនLimestone ដែលមូលដ្ឋាននៅសឹង្ហបុរី គ្រោងនឹកដាក់ពង្រាយបច្ចេកវិទ្យា blockchain ជាមួយនឹងបេសកកម្ម ដើម្បីបង្កើតទីក្រុងឆ្លាតវៃមួយនៅចំកណ្តាលរាជធានីភ្នំពេញ ខណៈ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២២។
យោងតាមសេចក្តីរាយការណ៍របស់ Coin Geek បានឱ្យកាលពីថ្មីៗនេះថា ទីក្រុងឆ្លាតដែលមានទំហំដី១០០ហិកតានេះ នឹងរៀបចំការិយាល័យ លំនៅដ្ឋាន សាលារៀន កន្លែងលក់រាយ សាលប្រជុំ និងកន្លែងពិពណ៌។
តំបន់ឆ្លាតវៃ មានសហគ្រាសអាជីវកម្មចំនួន១០.០០០ ដែលមានប្រជាជនចំនួន១៩០.០០០នាក់ចេញចូលជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា គម្រោងទីក្រុងឆ្លាតវៃនេះមិនត្រូវបានបញ្ចេញឈ្មោះ នឹងទីតាំងនៅណានោះទេ។
គម្រោងនេះត្រូវរាយការណ៍ថា នឹងរួមបញ្ចូលប្រព័ន្ធលេខសម្គាល់ ដែលគាំទ្រដោយបច្ចេកវិទ្យាblockchain ដែលផ្តល់លិខិតឆ្លងដែនឌីជីថ លសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ តាមរយៈកម្មវិធីទូរស័ព្ទ Limestone ។ ដើម្បីចូលប្រើបច្ចេកវិទ្យានេះ អ្នកប្រើត្រូវឆ្លងកាត់ដំណើរការពិនិត្យប្រវិត្តច្បាស់លាស់។ ពួកគេនឹងទទួលបានលិខិតឆ្លងដែន ដែលនឹងអាចចូលទៅកាន់អគារផ្សេងៗផងដែរ។
ការប្រើប្រាស់បច្ចេកវិទ្យា blockchain គឺដើម្បីធានាការផ្ទេរទិន្នន័យ និងជៀសវាងអន្តរការីភាគីទីបី ក្នុងការផ្តល់សេវាកម្មដោយផ្ទាល់ដល់អតិថិជន។
លើសពីនេះទៀត បេសកកម្មបញ្ចូលគ្នានៃគម្រោងបង្ហាញ ពីការប្រើប្រាស់ប្រវត្តិទូទាត់អេឡិចត្រូនិច និងព័ត៌មានអំពីរបៀបរស់នៅជំនួសឱ្យពិន្ទុឥណទាន។
គម្រោងនេះនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២២ ហើយនឹងមានបច្ចេកវិទ្យាទំនើបៗសម្រាប់ម្ចាស់យីហោលក់រាយ ក្រុមហ៊ុនវិភាគទិន្នន័យ និងស្ថាប័នហិរញ្ញវត្ថុ ដែលជាដៃគូនាពេលអនាគត។
ក្រុមហ៊ុន Limestone Network ត្រូវបានបង្កើតឡើងដោយលោកEddie Lee ហើយត្រូវបានគាំទ្រដោយ Tribe Accelerator ដែលជាកម្មវិធីរបស់សហគ្រាសសឹង្ហបូរី៕