ដោយគង់ សូរិយា
ភ្នំពេញ៖ តើអ្នកធ្លាប់ត្រូវខ្មោចលងឬទេ? ហើយបើអ្នកមិនធ្លាប់ខ្មោចលង តើអ្នកជឿថាមានខ្មោចលងឬទេ? ចម្លើយប្រាកដជាមានអ្នកជឿ និងមិនជឿ ប៉ុន្តែជំនឿនៅតែជាការពិត ព្រោះប្រសិនជាវាមិនមែនជាការពិត ជំនឿនោះពិតជាគ្មានអត្ថិភាពនោះទេ។
ជាសន្តិសុខយាមសារៈមន្ទីរទួលស្លែង អស់រយៈពេលជាង១០ឆ្នាំ លោកនង សាវឿន បានស្នាក់នៅក្នុងសារៈមន្ទីរនេះបាននិយាយឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកធ្លាប់មានបទពិសោធន៍អាក្រក់ ព្រោះត្រូវខ្មោចលងកាលពីកំឡុងពេលមកស្នាក់នៅ និងធ្វើការនៅក្នុងសារៈមន្ទីរនេះជាលើកតំបូង។លោកបន្តថា មិនថាតែលោកទេ គឺអ្នកធ្វើការនៅទីនេះភាគច្រើនសុទ្ឋតែមានអារម្មណ៍ភ័យខ្លាច និងជួបហេតុការណ៍បែបនោះ។
លោកបន្តថា “កំឡុងឆ្នាំ២០០២ ពេលងើបពីគេងទៅរកកន្លែងបន្ទោរបង់ ខ្ញុំឃើញស្រមោលធំមួយឈ្ងោកមុខមកមើលខ្ញុំ ហើយសក់ខ្ញុំបះជ្រោង។ ខ្ញុំភ័យខ្លាំងណាស់ ក៏លូនចូលមុងវិញរហូតព្រឹកឡើង ទើបប្រាប់អ្នកធ្វើការជាមួយ”។
សន្តិសុខម្នាក់ទៀត ដែលឈរស្តាប់ការរៀបរាប់ប្រាប់លោកនង សាវឿននិយាយបានបន្ទរថា ពេលលោកធ្វើការនៅពេលយប់ លោកឃើញមនុស្សបើកទ្វារចូល លឺមនុស្សងូតទឹកនៅខាងក្រោយអាគារ តែពេលលោកដើរទៅមើលមិនឃើ ញមានអ្នកណាម្នាក់ឡើយ។ ប៉ុន្តែក្រោយមកហេតុការណ៍នេះហាក់បានស្ងប់ ចាប់តាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល បានមកប្រារពពិធីបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយនិមន្តព្រះសង្ឃមករាប់បាត្រនៅទីនេះមក។
ទោះជាហេតុការណ៍នោះកន្លងមកជាង១០ឆ្នាំហើយក៏ដោយ ក៏លោកនង សាវឿននៅតែមានអារម្មណ៍ភ័យខ្លាច នៅពេលយប់មកដល់ម្តងៗរហូតមកដល់សព្វថ្ងៃនេះ។
ចំណែកអ្នករត់រ៉ឺម៉កកង់បី (តុក តុក)ដឹកភ្ញៀវទេសចរណ៍មកទស្សនាសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដដែលនេះបានឲ្យដឹងថា លោកមិនដែលលឺអ្នកទេសចរណ៍ ណាម្នាក់និយាយពីបញ្ហាខ្មោចលងនោះទេ ផ្ទុយទៅវិញពួកគេមានអារម្មណ៍ និងសម្តែងការសោកស្តាយ និងសោកសង្រេងជំនួសវិញ។
អ្នករត់រ៉ឺម៉កកង់បីសូមមិនបញ្ចេញឈ្មោះរូបនេះបានបន្តថា “អ្នកទេសចរណ៍មកទីនេះ ពួកគេមានអារម្មណ៍សោកស្តាយ និងសោកសង្រេងបន្ទាប់ពីបានឃើញសារៈមន្ទីរនេះ វាជាអ្វីដែលយើងទាំងអស់គ្នាមិនចង់ជួប”។
លោកវេជ្ជបណ្ឌិតលី ចេងហ៊ុយដែលធ្លាប់មានលំនៅដ្ឋាននៅជាប់នឹងជញ្ជាំងភាគខាងត្បូង នៃរបងសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អស់រយៈពេលជាង១០ឆ្នាំមកហើយបានថ្លែងថា លោកមិនដែលបានឃើញហេតុការណ៍ខ្មោចលង ឬមានស ម្លេងអ្វីចម្លែកចេញពីសារៈមន្ទីរនេះនោះទេ។ លោកបន្តថា ទាំងអ្នកជិតខាងរបស់លោក ក៏មិនដែលបានឃើញ ឬបានលឺពួកគេនិយាយពីជំងឺអរូបិយនេះទេ ហើយលោកក៏មិនជឿថាមានខ្មោចលងនោះដែរ។
លោកបន្តថា “ខ្ញុំមិនជឿថាមានខ្មោចលងទេ វាជាជំនឿអរូបិយប៉ុណ្ណោះ ខ្ញុំមិនធ្លាប់ឃើញខ្មោចលងនោះទេ”។លោកបន្តថា “តំលៃដីឬផ្ទះនៅជុំវិញសារៈមន្ទីរនេះ មិនរងផលប៉ះពាល់ដោយសារសារៈមន្ទីរនេះនោះទេ តំលៃដីមានតែឡើងថ្លៃជារៀងរាល់ឆ្នាំ ព្រោះវាស្ថិតនៅសង្កាត់បឹងកេងកងបី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស”។
នៅពេលលើកឡើងពីតម្លៃអចលនទ្រព្យនៅជុំវិញសារៈមន្ទីរទាំងនេះ អ្នកនៅក្នុងតំបន់នេះបាននិយាយថា អចលនទ្រព្យនៅជុំវិញសារៈមន្ទីរនេះមិនបានរងផលប៉ះពាល់ទេ មានតែឡើងថ្លៃ និងកំពុងបន្តឡើងថ្លៃបន្តទៀត។
លោកចំរើន សុវណ្ណារិទ្ឋដែលជាអ្នកលក់ភេសជ្ជៈ និងអាហារសំរ៉ន់សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងសារៈមន្ទីរប្រល័យពូជសាសន៍ជើងឯកបានឲ្យដឹងថា តំលៃដីនៅជុំវិញតំបន់នេះមិនបានចុះថ្លៃ ឬរងផលប៉ះពាល់ដោយសារៈមន្ទីរនេះនោះទេ គឺមានតែឡើងថ្លៃ ជាក់ស្តែងដីឡូត៍នាពេលនេះមានតំលៃចន្លោះពី៧០០០ទៅជាង១០០០០ដុល្លារអាមេរិកក្នុងមួយឡូត៍ ខុសពីប៉ុន្មានឆ្នាំមុនតំលៃដីធ្លីនៅទីនេះ មិនសូវមានអ្នកចាប់អារម្មណ៍ច្រើននោះទេ។
មានស្រុកកំណើតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខ័ណ្ឌដង្កោ យុវជនរូបនេះ កើតមិនទាន់ហេតុការណ៍កើតឡើងនៅតំបន់នេះនោះទេ តែការដឹងព៌តមានខ្លះៗរបស់លោក គឺលឺតាមរយៈការនិយាយប្រាប់របស់ចាស់ៗក្នុងភូមិនេះប៉ុណ្ណោះ។
ចំរើន សុវណ្ណារិទ្ឋបានឲ្យដឹងថា “ចាស់ៗប្រាប់ខ្ញុំថា ពេលបែកពីរបបប៉ុល ពតថ្មីៗ អ្នកភូមិនៅទីនេះមិនដឹងថា មានការសម្លាប់មនុស្សច្រើននៅទីនេះនោះទេ គឺពួកគាត់បានដឹងនៅពេលធុំក្លិនស្អុយប៉ុណ្ណោះ”។ លោកបន្តថា “ពេលនេះមិនលឺមានថាខ្មោចលងនោះទេ បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល មកប្រារពពិធីបុណ្យឧទ្ទិសកុសល ដល់អ្នកស្លាប់នៅទីនេះបីដងក្នុងមួយឆ្នាំ”។
ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Khmer Real Estate លោកងិន សុវណ្ណាបានថ្លែងថា តំលៃដីនិងអចលនទ្រព្យដទៃទៀត នៅជុំវិញសារៈមន្ទីរទាំងពីរមិនរងផលប៉ះពាល់នោះទេ តែតំបន់នៅជុំវិញជិតៗសារៈមន្ទីរទាំងនេះ មិនអាចសាងសង់អាគារខ្ពស់បាននោះទេ ពិសេសតំបន់ជុំវិញសារៈមន្ទីរជើងឯកមានការសាងសង់រោងចក្រ មានចលនាពុះដីឡូត៍លក់ និងមានការសាងសង់ឃ្លាំងច្រើនផងដែរ។
លោកបន្តថា “តំលៃដីនៅជុំវិញសារៈមន្ទីរទួលស្លែង បច្ចុប្បន្នមានតំលៃចន្លោះ ២៥០០ទៅ៣០០០ដុល្លារអាមេរិក តែតំលៃដីនៅតំបន់ជើងឯកមានតំលៃចន្លោះពី៥០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Vichakvong Realty Group លោកស៊ុយ ឆៃលាងបានថ្លែងស្រដៀងគ្នាថា តំលៃដីធ្លីនៅជុំវិញសារៈមន្ទីរទាំងពីរមិនរងផលប៉ះ ពាល់នោះទេ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ តំលៃដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់គួរឲ្យកត់សំគាល់ ជាក់ស្តែងកាលពី៥ ទៅ៦ឆ្នាំមុនដីនៅជុំវិញតំបន់ជើងឯកមានតំលៃចន្លោះពី២០ ទៅ៥០ដុល្លារ បច្ចុប្បន្នបានឡើងដល់ចន្លោះ៣០០ទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់ទួលស្លែង ក្នុងសង្កាត់បឹងកេងកង៣បានកើនពីតំលៃ១០០០ទៅ១២០០ដុល្លារកាលពី៥ឆ្នាំមុន ដល់២២០០ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនាពេលនេះ។
លោកបន្តថា “ម្ចាស់ដីនៅតែទាមទារតំលៃខ្ពស់លើសទីផ្សារ ព្រោះការពិតតំលៃដីនៅជុំវិញតំបន់ទួលស្លែង បើលក់ក្នុងតំលៃចន្លោះ១២០០ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទើបអាចលក់បាន ដោយសារតំបន់នេះមានផ្លូវចង្អៀត”។លោកបន្តថា “បញ្ហាទីតាំងសារៈមន្ទីរ មិនមានអ្វីព្រួយបារម្ភនោះទេ វាមិនរងផលប៉ះពាល់ដល់តំលៃអចលនទ្រព្យនៅតំបន់នេះទេ”៕