ដោយ វុត្ថា
ភ្នំពេញ៖ ទសវត្សរ៍ចុងក្រោយនៃក្រុងភ្នំពេញ ត្រូវបានចាត់ទុកជាទសវត្សរ៍មាសសំរាប់កម្ពុជា ដោយសារប្រទេសនេះកំពុងមានការរីកចម្រើនខ្លាំងលើវិស័យសំណង់ ដែលជម្រុញឲ្យសេដ្ឋកិច្ចនៃប្រទេសមួយនេះងើបឡើងមួយកម្រិតទៀត ក្នុងចំណោមវិស័យអទិភាពផ្សេងទៀត។
ជាមួយគ្នានោះ អ្នកវិនិយោគជាច្រើន បាននិងក៏កំពុងចាប់យកលើការវិនិយោគវិស័យសំណងនេះផងដែរ ដោយគេសង្កេតឃើញថា មានគម្រោងសាងសង់អគារភ្លោះច្រើន ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកតែគំរោងអាគារខ្ពស់ចំនួន៥ មកបង្ហាញសិន ដែលគំរោងទាំងនោះបាននិងកំពុងជិតបញ្ចប់ការសាងសង់ និងកំពុងសាងសង់ បន្ទាប់ពីទទួលបានការអនុញ្ញាត្តិ ក្នុងការសង់សង់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងអគារភ្លោះខ្ពស់កប់ពពកទាំង៥នេះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ដែលនឹងធ្វើអោយប្រទេសកម្ពុជាជាពិសេសទីក្រុងភ្នំពេញ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចកាន់តែមានភាពល្បីល្បាញ និងរីកមុខរីកមាត់ក្នុងតំបន់ និងពិភពលោក។
អគារភ្លោះទាំង ៥ រួមមានៈ
១ អគារភ្លោះ Thai Boon Roong Twin Tower
អគារភ្លោះ Thai Boon Roong Twin Tower នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ហើយប្រសិនបើគម្រោងនេះបានបញ្ចាប់ វានឹងក្លាយជាអគារពាណិជ្ជកម្មដ៏ខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាន ក៏ដូចជាពិភពលោក។
អគារកប់ពពកនេះ ជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនThai Boon Roong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group ហើយសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd។ គម្រោងអភិវឌ្ឍន៍នេះនឹងចំណាយទឹកប្រាក់ប្រមាណ៦០០០លានដុល្លារ ដែលមានកំពស់៥៦១ម៉ែត្រ ដោយមិនទាន់បូកបញ្ចូលអង់តែនកំពស់២៨ម៉ែត្រ ទៀតនៅឡើយ។
២ អគារភ្លោះ The Royal One
គម្រោងអគារភ្លោះ Royal One របស់ក្រុមហ៊ុន The Royal Group ដែលមានកម្ពស់៦២ជាន់ ដោយគ្រោងបោះទុនវិនិយោគ១៥០លានដុល្លារអាមេរិក។ គំរោងនេះគ្រោងនឹងសាងសង់ នៅលើមហាវិថីមុនីវង្សនៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា អគារភ្លោះនឹងមានកម្ពស់២៣០ ម៉ែត្រហើយសាងសង់លើផ្ទៃដីជាង៤០០០ ម៉ែត្រការ៉េ។
អគារភ្លោះនឹងសាងសង់ជាខុនដូមួយអគារ និងការិយាល័យមួយអគារ។ អគារទាំងពីរនេះ នឹងមានចំណតរថយន្តក្រោមដីជាច្រើនជាន់ និងមានផ្សារទំនើបនៅជាន់ទី២ និងទី ៣ ដែលចំណុចពិសេសនៃគម្រោងដ៏ធំនេះ។
៣ អគារភ្លោះ KOWLOON Bay
អគារ KOWLOON Bay ជាមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៥៩ជាន់ ស្ថិតនៅលើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ។ គម្រោងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារនេះ នឹងត្រូវសាងសង់លើទំហំផ្ទៃដីសរុបចំនួន១,៥០ហិកតា។
អគារនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមាន ទាំងខុនដូ និងផ្សារទំនើប។
៤ អគារភ្លោះ Diamond Twin Tower
អគារភ្លោះ Diamond Twin Tower ៣២ជាន់កម្ពស់១៣៦ម៉ែត្រ តម្លៃជាង៦០ លានដុល្លារ បានសាងសង់ឡើងក្នុងទីតាំងយុទ្ធសាស្ត្រពិសេស របស់មជ្ឈមណ្ឌលសេដ្ឋកិច្ចកោះពេជ្រ នៃទីក្រុងភ្នំពេញ។ អគារភ្លោះ Diamond Twin Tower ត្រូវបានសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ។
៥ អគារភ្លោះ Prince Royal One
អគារភ្លោះ Prince Royal One របស់ក្រុមហ៊ុន Prince Real Estate Group បានប្រកាសពីគំរោងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៦០ជាន់ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមនៅពេលខាងមុខនេះ។