ដោយៈ ប៊ី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីៗ ដែលមានទំហំទុនវិនិយោគសរុបជាង២.២០០លានដុល្លារអាមេរិក កើនឡើងជិត១១៤% ធៀបរយពេលដូចគ្នាឆ្នាំ២០២០។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២១នេះ គម្រោងវិនិយោគ ដែលអនុម័តគម្រោងដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះសម្រាប់គម្រោងថ្មី នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបមានចំនួន៤៥គម្រោង ក្នុងតម្លៃទុនវិនិយោគប្រមាណ៩១៦លានដុល្លារអាមេរិក និងត្រូវការកំលាំងពលកម្ម ចូលរួមបម្រើការងារប្រមាណជាង៣៥ពាន់កន្លែងផងដែរ។

-->
ទាក់ទងនឹងគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចនេះ ចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម នៅក្នុងរយៈពេលនេះដែរ មានទំហំទឹកប្រាក់១៩១លានដុល្លារអាមេរិក ផ្នែកសេវាកម្ម មានចំនួន៥៩២លានដុល្លារ និងការវិនិយោគលើវិស័យទេសចរណ៍ មានចំនួន១៣៣លានដុល្លារ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានទំហំទឹកប្រាក់៣៣២លានដុល្លារ និងទុនវិនិយោគបរទេស មានចំនួន៥៨៤លានដុល្លារអាមេរិកផងដែរ។
គម្រោងវិនិយោគថ្មី ដែលសម្រេចអនុម័តដោយគណៈកម្មាធិការវិនិយោគកម្ពុជា បើសរុបបញ្ចូលទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួនប្រមាណ៤៩គម្រោង បើធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ២១%។ ដោយឡែកទុនវិនិយោគសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ នេះដែរ មានទំហំប្រមាណជាង២ ២០៧លានដុល្លារអាមេរិក បានកើនឡើងជិត១១៤%ធៀបរយពេលដូចគ្នាទៅឆ្នាំ២០២០ ៕