ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន JIN BEI PALACE ដែលវិនិយោគដោយជនជាតិចិន ប្រកាសបោះទុនវិនិយោគទឹកប្រាក់ជិត៥០លានដុល្លារ ដើម្បីសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ក្រុមហ៊ុន JIN BEI PALACE CO., LTD  ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
 
-->
 
 
សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងទៀត ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែងដល់ប្រជាពលរដ្ឋ។
ទោះបីមានការវិនិយោគ ប្រកាសបោះទុនវិនិយោគវិស័យអចលនទ្រព្យ ពិសេសគម្រោងសាងសង់សណ្ឋាគារប្រណីត នៅខេ្តតព្រះសីហនុជាបន្តបន្ទាប់ក្តី អ្នកជំនាញថា បានលើកឡើងថា អចលនទ្រព្យនៅក្រុងព្រះសីហនុ ជាពិសេសសម្រាប់ទីផ្សារនៃការជួល ដែលកំពុងមានភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ មានការធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ ពីការចាកចេញរបស់ជនជាតិចិន ហើយបន្ថែមពីនេះវិបត្តិ ដែលកើតមានដោយសារជំងឺកូវីដ១៩ ក៏ជាមូលហេតុដែលសំខាន់ក្នុងការរួមចំណែកផងដែរ។
លោកបញ្ជាក់ថា “ជាធម្មតានៅពេលទីផ្សារវិស័យណាមួយ មានការធ្លាក់ចុះគឺតែងជះឥទ្ធិពលអាក្រក់ដល់អ្នកពាក់ព័ន្ធ ជាពិសេសវិនិយោគតែម្ដង”។  លោកបន្តថា “ជាក់ស្ដែងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ដែលមានកំណើនទីផ្សារខ្ពស់ហួសពីការរំពឹងទុកកាលពីឆ្នាំ២០១៨-២០១៩ ដែលជំរុញឱ្យតម្លៃឡើខ្ពស់ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកវិញដោយសារតែបាត់បង់តម្រូវការ”។
លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ភាគច្រើនអ្នកដែលខាតបង់ គឺអ្នកទើបតែចាប់វិនិយោគ និងអភិវឌ្ឍន៍សំណង់នៅដើមឆ្នាំ២០២០ ដែលមានទ្រង់ទ្រាយតូច និងមធ្យម ប៉ុន្តែសម្រាប់អ្នកដែលជាម្ចាស់គម្រោងអគារធំៗ និងបានវិនិយោគតាំងពីមុនឆ្នាំ២០១៩ ភាគច្រើននៅមិនទាន់ទទួលរងនូវការខាតបង់នោះទេ ក្រោមហេតុផលថា អគារធំៗដែលជួលឱ្យក្រុមហ៊ុនវិនិយោគបន្តភាគច្រើន មានកុងត្រាជួលក្នុងរយៈពេលយូរចាប់ពី១៥ឆ្នាំឬ២០ឆ្នាំ ឬយូរជាងនេះ ដោយមានការកក់ប្រាក់ចាប់ពូ៣ឆ្នាំ ឬ៥ឆ្នាំមុនក៏មាន ដូច្នេះនៅក្នុងវិបត្តិប្រមាណ១ឆ្នាំកន្លងកមនេះ ពួកគេនៅមិនមានការខាតប្រយោជន៍នោះទេ។
លោកបន្តថា ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់ នៃតម្រូវការជួលអគារទាំងនេះអាចនៅបន្ត ឬមានតម្រូវការឡើងវិញនៅពេលណានោះ នៅមិនអាចកំណត់បាននោះទេ ដែលវាអាស្រ័យទៅលើស្ថានការជាក់ស្ដែង នៃការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងមានប្រសិទ្ធភាពបានកម្រិតណា ខណៈដែលការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសលើសាកលចាប់ផ្តើមអនុវត្តជាបណ្តើរៗទៅហើយនោះ៕