វិស័យសំណង់ កំពុងបន្តរីកកើនឡើងកាន់តែខ្លាំង នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ក្រោយពីវិស័យសំណង់អគារខុនដូរ ផ្ទះល្វែង ក៏ដូចជាផ្សារទំនើបល្បីៗ បានរីកលូតលាស់ខ្លាំងនៅភាគខាងជើង និងខាងលិចរាជធានីភ្នំពេញមក បច្ចុប្បន្នសំណង់លំនៅដ្ឋានបូរីនិងផ្សារទំនើបកំពុងបែរឆ្ពោះទៅទិសខាងត្បូងវិញម្តង ដែលជាចលករដ៍សំខាន់ រុញច្រានតម្លៃដីនៅទីនោះឱ្យមានសន្ទុះកាន់តែខ្លាំងឡើង។

លោក សន ស៊ាប នាយកក្រុមហ៊ុន Key Real Estate Co., Ltd មានប្រសាសន៍ថាក្រោយពីវិស័យសំណង់បានរីកឡើងខ្លាំងនៅភាគខាងលិច និងភាគខាងជើង រាជធានីភ្នំពេញរួចមក និន្នាការនៃការសាងសង់សំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម ខុនដូរ ក៍ដូចជាផ្សារទំនើបបានបែឆ្ពោះទៅភាគខាងត្បូង ដែលមានទីតាំងនៅក្នុងខណ្ឌដង្កោរ រហូតដល់ក្រុងតាខ្មៅខេត្តកណ្តាល។

លោកបន្តថា ជារឿងធម្មតាប៉ុណ្ណោះទៅលើនិន្នាការរីកចម្រើននៃវិស័យសំណង់ បើនៅទីតាំងណាមួយរីកចម្រើនខ្លាំងហើយ វានឹងបន្តរីកចម្រើនទៅតំបន់ផ្សេងៗទៀត ហើយនៅពេលសំណង់កើនឡើងខ្លាំងនៅក្នុងខណ្ឌខាងលើរួច សកម្មភាពសំណង់ និងបន្តរីកឆ្ពោះទៅភាគខាងកើតវិញម្តង ពិសេសនៅតំបន់អារិយក្សត្រ ក្នុងស្រុកល្វាឯម និងនៅស្រុកកៀនស្វាយ ខេត្តកណ្តាលវិញ នៅពេលដែលស្ពានឆ្លងទន្លេចតុមុខ ពីសួនច្បារមុខណាហ្គាវើលឆ្ពោះទៅត្រើយ ខាងកើតតំបន់អរិយក្សត្រ និងពីស្រុកក្រៀនស្វាយឆ្ពោះទៅស្រុកល្វាឯម ត្រូវបានសាងសង់រួចរាល់។

គួរបញ្ជាក់ថាគម្រោងសំណង់ធំៗ ដែលកំពុងមានវត្តមានបែឆ្ពោះទៅភាគខាងត្បូងនោះ រួមមានគម្រោងបូរីនិងផ្សារទំនើប ប៉េង ហួត, ផ្សាទំនើបអ៊ីអនទី៣ វត្តមានសាលាអន្តរជាតិ ISPP ក្រុមហ៊ុនលក់រថយន្ត Mercedes គម្រោងអភិវឌ្ឍន៍ ING City និងគម្រោងអាកាសយានដ្ឋានភ្នំពេញ ដែលដើរតួនាទីយ៉ាងសំខាន់ ដើម្បីទាក់ទាញគម្រោងអភិវឌ្ឍន៍ដទៃទៀតនៅក្នុងខណ្ឌដង្កោ ហើយប្រការនេះនឹងធ្វើឱ្យតម្លៃដីធ្លីកាន់តែប្រសើរឡើងនៅក្នុងតំបន់។

យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីៗ រកឃើញថា អត្រាកកំណើនតម្លៃដីធ្លីជាមធ្យមប្រចាំនៅក្នុងខណ្ឌដង្កោពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ បានកើនឡើងប្រមាណជា៣៥%។ តម្លៃដីធ្លីនៅខណ្ឌដង្កោ តាមបណ្តោយផ្លូវធំដីទំនេរចម្ងាយប្រហែល១០គីឡូម៉ែត្រពីវត្តភ្នំ អាចមានតម្លៃ៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីអាចត្រឹមតែ១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប្រសិនបើចម្ងាយប្រហែល២៥គីឡូម៉ែត្រពីវត្តភ្នំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here