ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់ស្ពានទៅកាន់តំបន់អរិយក្សត្រ និងស្វាយជ្រុំមិនទាន់កំណត់ពេលវេលាជាក់លាក់ទេ ប៉ុន្តែគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងចាប់ផ្តើមនៅតំបន់នេះយ៉ាងសកម្ម។
ស្ពាននេះទំនងជាជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ដោយសារប្រទេសនេះចង់ទុកចំ ណងដៃសម្រាប់កម្ពុជា។នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបង្ហើបឲ្យដឹង។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់នេះនឹងមានអនាគតល្អ ដោយសារទីតាំងនេះ មានភូមិសាស្រ្តស្ថិតនៅកៀករាជធានីភ្នំពេញ និងមានបរិស្ថានល្អ ព្រោះមានទន្លេចំនួនពីរអមសងខាង ដែលធ្វើឲ្យអាកាសធាតុតំបន់នេះមានសំណើមល្អ។លោកបន្តថា ដោយសារមានដងទន្លេ និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងហេដ្ឋារចនាសម្ព័ន្ឋល្អ ពិសេសគំរោងសាងសង់ស្ពានទៅតំបន់នេះ ពិតជាសសៃឈាមមួយ ដែលរួមចំណែកលើកស្ទួយការអភិវឌ្ឍតំបន់នេះនាពេលអនាគត។
លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលភ្ជាប់ស្ពានទៅកាន់តំបន់នេះ តំបន់នេះនឹងមានសក្តានុពលខ្លាំង ហើយតំលៃដីនឹងកើនឡើងបន្ថែមទៀត”។លោកបន្តថា តំបន់ស្វាយជ្រុំមានចម្ងាយពី រគីឡូម៉ែត្រប៉ុណ្ណោះបើគិតពីវិមានឯករាជ្យ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីវត្តភ្នំ ដូច្នេះវាស្ថិតនៅចម្ងាយជិតទីប្រជុំជនក្រុង ដែលធ្វើឲ្យមានភាពទាក់ទាញដល់អ្នកវិនិយោគនិងប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នេះ។
តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ ដែលស្ថិតក្នុងផែនការកាត់បញ្ចូលក្នុងទីក្រុង ផែនការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគត។
នាយកប្រតិបត្តិក្រុមហ៊ុន Focus Property លោកប៉ូ អ៊ាវគង់បានថ្លែងថា តំលៃដីធ្លីនៅតំបន់នេះហាក់ស្ងប់បន្តិចនាឆ្នាំនេះ ហើយសកម្មភាពទិញលក់ក៏មានភាពស្ងប់ស្ងាត់ផងដែរ បន្ទាប់ពីបានកញ្រ្ជោលឡើងចាប់តាំងពីឆ្នាំ២០១៣កន្លងមក ព្រោះគម្រោងសាងសង់ស្ពានរបស់រដ្ឋាភិបាល មិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ ប៉ុន្តែប្រសិនជាមានស្ពានភ្ជាប់ទៅកាន់តំបន់នេះ នឹងធ្វើឲ្យតំលៃដីធ្លីកើនឡើងបន្ថែមទៀត ព្រោះតំបន់នេះមានបរិស្ថានល្អ ដូច្នេះការអភិវឌ្ឍន៍តំបន់នេះយឺតឬលឿន អាស្រ័យលើពេលវេលា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ។
លោកបន្តថា “បរិយាកាស ភូមិសាស្រ្តតំបន់នេះពិតជាល្អ តែអ្វីដែលខ្វះខាតនាពេលនេះគឺហេដ្ឋារចនាសម្ព័ន្ឋ មិនទាន់មានការអភិវឌ្ឍន៍បានគ្រប់គ្រាន់នៅឡើយ”។លោកបន្តថា “ពេលនេះអ្នកវិនិយោគក្នុង និងក្រៅប្រទេសកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ”។
លោកឈាង ប៊ុនថាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា ព៌តមានអំពីការសាងសង់ស្ពានទៅតំបន់នេះ លឺតែប្រជាពលរដ្ឋនិយាយ ប៉ុន្តែមិនមានព៌តមានផ្លូវការណាមួយទាក់ទងនឹងគំរោងនេះនៅឡើយទេ។
អ្នកស្រីយីប ស៊ាងហុងប្រធានផ្នែកលក់នៃបុរីចតុមុខស៊ីធី ដែលវិនិយោគដោយក្រុមហ៊ុន BS Land &Home បានថ្លែងថា “ក្រុមហ៊ុនផ្តោតលើទីផ្សារអ្នកមានចំណូល ទាប និងមធ្យម ដើម្បីឲ្យពួកគេមានលំនៅដ្ឋានសមស្រប ដែលជាការគាំទ្រគោលនយោបាយ និងស្ថិរភាពនយោបាយរបស់កម្ពុជា”។អ្នកស្រីបន្តថា “អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះភាគច្រើន ជាអ្នករស់នៅភ្នំពេញ ដែលខ្លះទិញខុនដូសម្រាប់លំហែរ បើទោះជាពួកគេមានលំនៅដ្ឋានក្នុងទីក្រុងរួចហើយក៏ដោយ”៕