ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ។
សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនាព្រឹកថ្ងៃទី២៩ មិថុនានេះថា សម្តេចនឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះហើយ។សម្តេចបានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលគាំទ្រដល់ការដាក់ចេញវិធានការណ៍នានា ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ។
សម្តេចតេជោបានបង្ហើបទៀតថា នៅថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតខាងមុខ សម្តេចនឹងថ្លែងប្រកាសដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់កសាងនិងអភិវឌ្ឍន៍ជាតិបន្តទៅមុខទៀត។
កាលពីពេលថ្មីៗនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាPropertyarea.asia បានចេញប្លង់ផ្លូវក្រវ៉ាត់ក្រុងមួយផ្នែក ដែលស្ថិតនៅភាគខាងលិច និងខាងត្បូងក្រុងភ្នំពេញរួចហើយ ប៉ុន្តែថ្ងៃនេះយើងនឹងបង្ហាញគំនូស និងហេដ្ឋារចនាស ម្ព័ន្ឋ ដែលត្រូវសាងសង់ផ្លូវក្រវ៉ាត់ក្រុងនៅភាគខាងកើត និងខាងជើងរាជធានីភ្នំពេញ ដែលបាននិងកំពុងគូសវាស និងរៀបចំសាងសង់ដោយក្រុមហ៊ុនសៀងហៃ ស្ពានថ្នល់ ជាក្រុមហ៊ុនដ៏ធំមួយ ដែលបាននិងកំពុងសាងសង់ផ្លូវ និងស្ពានជាច្រើននៅកម្ពុជា។
គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាកចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខ័ណ្ឌដង្កោ ខ័ណ្ឌពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់ក្រុងភាគខាងជើងឆផងខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាបពីកំពង់ផែស្វយ័ត្នក្រុងភ្នំពេញ នឹងកាត់ទៅតំបន់វិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងតភ្ជាប់មកកាន់តំបន់មួយចំនួនក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តភ្ជាប់មកកាន់ស្រុកអង្គស្នួល ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ តាមរយៈការសាងសង់ផ្លវអាកាសចំនួនពីរ ឆ្លងកាត់ផ្លូវជាតិដ៏សំខាន់នេះ ដើម្បីតភ្ជាប់មកកាន់ខ័ណ្ឌមួយចំនួននៃក្រុងភ្នំពេញ៕