ដោយ គង់ សូរិយា
ភ្នំពេញ៖ ដោយសារតែទទួលបានការជឿទុកចិត្តពីអតិថិជន បានធ្វើឲ្យគំរោងលំនៅដ្ឋានក្រុមហ៊ុនអ័រគីដេវីឡា ទទួលបានជោគជ័យក្នុងការលក់គំរោងរបស់ខ្លួន ខណៈទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ។
ជាការតបស្នងដល់អតិថិជនក្រុមហ៊ុនអ័រគីដេវីឡា បានរៀបចំកម្មវិធីអបអរសាទរការលក់អស់ ១០០ភាគរយ សំរាប់គម្រោងអ័រគីដេវីឡា ដឹរ៉ូយ៉ាល់ ជូនអតិថិជនរបស់ខ្លួន ដែលបានទិញផ្ទះវីឡាប្រភេទផ្សេងៗ ក្នុងគម្រោងមួយនេះ។
-->
យោងតាមសេចក្តីប្រកាសព៌តមានពីកម្មវិធីនេះបានឲ្យដឹងថា ក្រោយពីក្រុមហ៊ុន អ័រគីដេវីឡាទទួលជោគជ័យ ក្រុមហ៊ុននេះនឹងប្រកាសបើកលក់គម្រោងថ្មីរបស់ខ្លួន នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះអតិថិជនដែលស្រលាញ់ និងជឿជាក់លើក្រុមហ៊ុន អ័រគីដេវីឡា អាចសាកសួរព័ត៌មានបន្ថែមរឺរក្សាទុកឈ្មោះ លេខទូរស័ព្ទ ដើម្បីទទួលបានព័ត៌មានអាទិភាព រឺអាចទៅកាន់នៅការិយាល័យលក់ ទីតាំងណាមួយដែលនៅក្បែរលោកអ្នកបំផុត។
ក្រុមហ៊ុន អ័រគីដេវីឡាបានចាប់ផ្តើមគម្រោងដំបូង ដែលមានឈ្មោះថា អ័រគីដេវីឡា ដឹហ្គ្រេន ដែលត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ។ នេះសរបញ្ជាក់ឲ្យឃើញថា អ័រគីដេវីឡាបានផ្តល់ជូនអតិថិជន នៅផ្ទះដ៏ល្អប្រណីត និងស្របទៅតាមតម្រូវការទីផ្សារ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា ទីផ្សារ លំនៅដ្ឋាននៅកម្ពុជានៅតែមានភាពល្អប្រសើរ ទោះជាមានការកើនឡើងនូវលំនៅដ្ឋានច្រើនក្នុងទីផ្សារក្តី ប៉ុន្តែតម្រូវការនៅតែមានខ្ពស់ ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនប្រជាជនចូលមករស់នៅក្នុងទីក្រុងមានការកើនឡើងជាប្រចាំ។
លោកបន្តថា “ការកើនឡើងនូវតម្រូវការលំនៅដ្ឋាន ក្នុងទីផ្សារនេះនៅតែបន្តកើនឡើងរយៈពេលវែងបន្តទៀត ដោយសារស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅតែមានភាពល្អប្រសើរ”។លោកបន្តថា “ការផ្តល់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ក៏ជាផ្នែកមួយជួយជំរុញវិស័យនេះឲ្យរីកចម្រើន”។
យោងតាមសិក្សារបស់ក្រុមហ៊ុន Vtrust Appraisal បានរកឃើញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧មានលំនៅដ្ឋានជាង១៣ម៉ឺនខ្នងបានសាងសង់ចប់ និងដាក់លក់នៅក្នុងទីក្រុងភ្នំពេញ៕