ឧកញ៉ាផន វណ្ណិតៈទ្រឹស្តីព្រះពុទ្ឋសាសនាមានតម្លៃគ្រប់សម័យកាលសំរាប់តំរង់ ផ្លូវជីវិតយុវជន

0

          ដោយៈ សហសេវិក

ភ្នំពេញៈ លោកឧកញ៉ា ផន វណ្ណិតអតីតព្រះសង្ឃមួយអង្គ ដែលមានការសិក្សាជ្រៅជ្រះខ្ពង់ខ្ពស់នៅបរទេស និងជាសាស្រ្តាចារ្យមួយរូបបានបង្ហើបពីវិធីសាស្រ្ត ដើម្បីលើកកំពស់គុណភាពជីវិតតាមទ្រឹស្តីពុទ្ឋសាសនា ដល់យុវជនកម្ពុជាដើម្បីសិក្សារៀនសូត្រ។

លោកឧកញ៉ាបានមានប្រសាសន៍ថា មនុស្សជាច្រើនកំពុងដើរតាមអាជីពរបស់ខ្លួនដោយទទួលបាននូវភាពជោគជ័យ ប៉ុន្តែក៏មានមនុស្សមួយចំនួន ដែលមិនបានជោគជ័យជាមួយអាជីពរបស់ខ្លូន ហើយបានបោះបង់ក្តីស្រមៃចោល។ បញ្ហាចោទមួយទៀត គឺនៅពេលបើកអាជីកម្មឲ្យកាន់តែរីកចម្រើន គឺត្រូវដឹកនាំមនុស្សក៏ជារឿងដ៏សំខាន់ផងដែរ។

លោកឧកញ៉ាផន វណ្ណិត បានលើកឡើងថា “ខ្លួនក្រ ខ្វះប្រាក់ មិនមែនជាឧបសគ្គក្នុងការរស់នៅនោះទេ។ ហេតុដូច្នេះ ប្រសិនបើយើងនៅតែក្រចំណេះ ក្រសកម្មភាព ក្រគោលដៅ លទ្ធផលចុងក្រោយគឺនៅតែក្រដដែល។លោកបន្តថា “យើងត្រូវតែមានផែនទីជីវិតដើម្បីបង្ហាញផ្លូវឲ្យច្បាស់លាស់ ទើបទទួលបានជោគជ័យក្នុងឆាកជីវិត”។

លោកឧកញ៉ាក៏បានបើកកកាយនូវទ្រឹស្តី របស់ព្រះពុទ្ធសាសនា ដែលអ្នកវិនិយោគ ឬអ្នកការប្រកបការងារក្នុងជីវិត គួរតែសិក្សាគោលការណ៍ឥទ្ធិបាទធម៌៤ របស់ព្រះពុទ្ធដើម្បីទទួលបានជោកជ័យដូចជា

ទី១ ឆន្ទ: ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី អ្នកត្រូវតែមានឆន្ទ:មោះមុត និងបំណងច្បាស់លាស់ ក្នុងការធ្វើកិច្ចការទាំងនោះ។

ទី២ វីរិយ: កិច្ចការទាំងអស់ បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ។ ជីវិតរបស់យើងនឹងដើរថយក្រោយ គ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យ ក្នុងជីវិតបានឡើយ។

ទី៣ ចិត្ត: ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។

ទី៤ វិមំសាៈ បញ្ញាដែលពិចារណាធ្វើយ៉ាងណា ទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់ មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូច្នេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុកដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ។

លោកឧកញ៉ាផន វណ្ណិតបញ្ជាក់ថា “ប្រសិនបើអ្នកជំនួញ ឬអ្នកកំពុងប្រកបការងារ យល់ពីទ្រឹស្តីរបស់ព្រះពុទ្ធដែលមានតម្លៃគ្រប់សម័យកាលសម្រាប់អនុវត្តហើយ ភាពជោគជ័យដ៍អស្ចារ្យប្រាកដជាកើតមាន”។ លោកបន្ថែមថា “លោកថាចំណេះកើតគំនិត ការប្រព្រឹត្តិកើតជាផល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here