ដោយ ដែន ចែងចាំង
ភ្នំពេញ៖ អាគារការិយាល័យបែបសហកម្មសិទ្ធជាច្រើន បាននិងកំពុងដាក់និងត្រៀមដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលជាការធ្វើតេស្តទីផ្សារនៅកម្ពុជាជាលើកតំបូង ខណៈដែលការិយាល័យប្រភេទនេះកំពុងមានរសនិយមរួចទៅហើយ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៣ កក្កដានេះថា អាគារការិយាល័យបែបសហកម្មសិទ្ឋជាច្រើនបាននិងកំពុងដាក់ចូលទីផ្សារ និងត្រៀមដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលជាទស្សនទានអភិវឌ្ឍន៍ថ្មីមួយនៅកម្ពុជា ដែលធ្វើឲ្យយើងមានការព្រួយបារម្ភ ដោយសារវាជាទីផ្សារថ្មី និងជាទស្សនទានអភិវឌ្ឍន៍ថ្មីនៅក្នុងប្រទេសនេះ។
អ្នកនាងបន្តថា “សំរាប់អាគារការិយាល័យដែលមានម្ចាស់តែមួយ មិនមានបញ្ហានៅក្នុងទីផ្សារទេ តែអាគារការិយាល័យបែបសហកម្មសិទ្ឋដែលមានការផ្គត់ផ្គង់ច្រើន កំពុងនាំឲ្យមានការបារម្ភ”។ អ្នកនាងបន្តថា “ការបារម្ភដោយសារវាជាផលិតផលថ្មី សំរាប់ទីផ្សារនេះ ហេតុនេះយើងនឹងរង់ចាំមើលពីផលិតផលថ្មីនេះ”។
អាគារការិយាល័យបែបសហកម្មសិទ្ឋមានដូចជា TK Royal One ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី (ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) អាគារការិយាល័យ Downtwon93 ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន (ក្បែរទីស្នាក់ការកាសែតរស្មីកម្ពុជា)ជាដើម។
លោក Chenyi Liu នាយកគ្រប់គ្រងទូទៅនៃអាគារ TK Royal One បានថ្លែងថា យើងមិនមានការព្រួយបារម្ភពីទីផ្សារនេះទេ ដោយសារអាគាររបស់យើងមានការប្រើប្រា ស់ចម្រុះទាំងខុនដូ និងការិយាល័យ ហើយរហូតមកទល់ពេលនេះការជួល និងលក់របស់យើងកំពុងសម្រេចបានជោគជ័យ។ លោកបន្តថា ទីផ្សារនេះកំពុងមានភាពរីកចម្រើនដោយសារការចូលមកដល់នៃក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកបង្កើតថ្មីកាន់តែ ច្រើន។
លោកបន្តថា “អ្វីដែលយើងផ្តផោតគឺសេវាកម្មល្អ អាគារមានគុណភាពនិងសោភ័ណភាព និងស្ថិតនៅទីតាំងងាយស្រួលរបស់អ្នករស់នៅនិងអ្នកធ្វើការ”៕