ទំហំវិនិយោគលើអចលនទ្រព្យនៅអាស៊ី-ប៉ាស៊ីហ្វិកកើនឡើងដល់៧២៦,៩ពាន់លានដុល្លារអាមេរិក

0

ដោយៈសុខុម
ហុងកុង: ទំហំទុនវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើង២០%ដល់៧២៦,៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបនឹង៦០៨,២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្ដី។

យោងតាមគេហទំព័រ The Asset ចុះផ្សាយនៅថ្ងៃទី២០ ឧសភានេះឱ្យដឹងថា នៅទូទាំងពិភពលោក ទំហំវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) បានកើនឡើង១១%ដល់៤,១ទ្រីលានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២០ បើធៀបនឹង៣,៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ហើយក្នុងនោះអាស៊ី-ប៉ាស៊ីហ្វិក មានចំនួន១៨% នៃទំហំវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ទូទាំងពិភពលោក។

អចលនទ្រព្យ ដែលមិនត្រូវបានចុះបញ្ជីមានមួយចំណែកធំ នៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) សរុបទូទាំងពិភពលោក។ ក្នុងចំណោមទំហំវិនិយោគ៤,១ទ្រីលានដុល្លារ អចលនទ្រព្យដែលមិនត្រូវបានចុះបញ្ជីមានចំនួន៨៣% ឬស្មើនឹងប្រមាណ៣,៤ទ្រីលានដុល្លារ។

លោកស្រី Amélie Delaunay នាយកផ្នែកស្រាវជ្រាវនៅសមាគម វិនិយោគិនអចលនទ្រព្យ ANREV បានលើកឡើងថា “ជាការពិតណាស់ ទំហំវិនិយោគលើអចលនទ្រព្យដែលស្ថិតក្រោមការគ្រប់គ្រង (AUM) មិនត្រឹមតែកើនឡើងអំឡុងវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសន្ទុះលឿនជាងឆ្នាំទៅមួយ (២០១៩) ទៀតផង ហើយវាជាសញ្ញាបង្ហាញថា តម្រូវការអចលនទ្រព្យនៅតែមិនថមថយ”។

លោកស្រីបានបន្ថែមទៀតថា “លទ្ធផលស្រាវជ្រាវបង្ហាញថា អាស៊ី-ប៉ាស៊ីហ្វិក នៅតែបន្តទាក់ទាញ និងបង្កើនចំណែកទីផ្សារអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ហើយនេះឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំ លើទស្សនវិស័យសំរាប់រយៈពេលវែងនៃទីផ្សារអចលនទ្រព្យក្នុងតំបន់ ទោះបីជារងផលប៉ះពាល់ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្ដី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here