ដោយៈ ប៊ី
ភ្នំពេញៈ ការស្ថាបនាផ្លូវថ្មីមួយខ្សែ ដែលដាក់ឈ្មោះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន” ស្ថិតក្នុងខេត្តកោះកុង សម្រេចបាន៧០ភាគរយហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ក៏ដូចជាទេសចរណ៍របស់ប្រជាពលរដ្ឋ ខណៈគម្រោងផ្លូវនេះនឹងបញ្ចប់ការសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខឆាប់ៗនេះ។
អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លោកវង្ស សំអាត បានថ្លែងប្រាប់ទូរទស្សន៍ជាតិនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា “ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន” ដែលជាអំណោយដ៏ថៃ្លថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកោះកុង ដែលតភ្ជាប់ស្រុកមណ្ឌលសីម៉ាទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទ ដោយលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេង ព័ទ្ធទៅដោយភ្នំ មានព្រៃឈើខៀវ ស្រងាត់ មកដល់ពេលនេះសម្រេចការសាងសង់បានជាង៧០ភាគរយហើយ។
លោកបានបន្តថា គម្រោងផ្លូវលំជនបទនេះ រត់តាមឆ្នេរ សមុទ្រនៃខេត្តកោះកុងដែលមានទទឹង៩ ម៉ែត្រ និងបណ្ដោយជាង៣៨ គីឡូម៉ែត្រ និងសាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រចំនួន៥ ដែលមានប្រវែងជាង៤ គីឡូម៉ែត្រ។
លោកបានបន្តថា ការស្ថាបនាផ្លូវលំនេះឡើងមិនត្រឹមតែតភ្ជាប់រវាង ប្រជាជននិងប្រជាជននោះទេ តែគឺជាការតភ្ជាប់ តំបន់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយាលមួយ ដែលមិនសូវមានប្រជាជនទៅដល់។
លោកបានថ្លែងថា “ផ្លូវថ្មីនេះ គឺយើងចាប់ចេញពីចំណុចPK0នោះ នៅវត្តតាចាត ចាប់ផ្តើមពីហ្នឹងមករហូតឆ្លងកាត់ស្រុកទាំងអស់៣។ អ៊ីចឹងនៅពេលដែលផ្លូវនេះកើត ប្រជាជនខ្មែរទូទាំងប្រទេស អាចមកមើល មកកម្សាន្ត ជាកន្លែងទេសចរណ៍ថ្មីមួយទៀត ដែលសម្តេចតេជោមាន ចក្ខុវិស័យច្បាស់លាស់អភិវឌ្ឍន៍ មិនមែនតែនៅក្នុងទីក្រុងនោះទេ ដោយយើងនឹកស្មានមិនដល់នោះទេ ហើយគ្មាននរណាម្នាក់នឹកឃើញថាមានផ្លូវនោះទេ តែពេលដែលយើងមកដល់ទើបដឹងថា ផ្លូវធំអស្ចារ្យ”។
លោកបានបន្ថែមទៀតថា ការស្ថាបនាផ្លូវនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ នៅពេលដែលមានផ្លូវ លំហូរសេដ្ឋកិច្ច និង ការវិនិយោគ និងចូលទៅដល់ភូមិ ឃុំ ប្រជាជន ផ្ទះប្រជាជន ធ្វើឲ្យប្រជាជនអាចទទួលបានផលប្រយោជន៍ ប្រកបដោយសមធម៌ពីការកសាងផ្លូវនេះ។ ជាពិសេសផ្លូវមួយ ខ្សែនេះគឺបានសាងសង់ឡើងប្របតាមឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដែលសម្បូរទៅដោយឆ្នេរខ្សាច់ពណ៌ស សម្រស់ព្រៃឈើ ព្រៃកោងកាង ប្រភពជីវៈចម្រុះ ដែលជាឋានសួគ៌សម្រាប់អ្នកទេសចរ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលសាងសង់ផ្លូវលំថ្មីមួយខែ្សនេះ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលតាចាប ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិនរបស់ខេត្តកោះកុង។ គម្រោងផ្លូវនេះ នឹងស្ថាបនារួចរាល់នៅក្នុងខែមិថុនា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ៕